ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍មួយកាលពីយប់ថ្ងៃទី១៩ធ្នូ មានជនល្មើស បានលួចដឹកបង្គោលរបងថ្ម ទៅដាំក្នុងត្រពាំង បំណងរំលោភយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរ កំពុងកែប្រែត្រពាំងបុរាណ ឈ្មោះ ត្រពាំងហែផ្កា ឱ្យក្លាយទៅជារមណីយដ្ឋានមួយកន្លែង។
លោកចៅសង្កាត់ជ្រាវ បានបន្តថា លុះព្រឹកឡើងលោកបានសុំគោលការណ៍ពីរដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការដកបង្គោលនេះ យកមករក្សាទុក និងស្វែងរក ជនល្មើស ហើយអាជ្ញាធរសង្កាត់ សហការជាមួយអាជ្ញាធរក្រុង និងអាជ្ញាធរអប្សរា ចុះទៅដកចេញ និងធ្វើការស្រាវជ្រាវរកមុខជនល្មើសទាំងនោះ ដើម្បីប្តឹងទៅតុលាការចាត់ការតាមច្បាប់។
ចៅសង្កាត់រូបនេះ បានបន្ថែមថា ត្រពាំងបុរាណ ឈ្មោះ ហែផ្កា នេះ ជាបុរាណដ្ឋាន និងជាអតីត ទីក្រុងរណបអង្គរ តាំងពីបុរាណមក ហើយត្រពាំងនេះ ត្រូវបានគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា។ តាំងពីដើមមក អាជ្ញាធរសង្កាត់ មិនដែលបានបែងចែក ដីត្រពាំងហែផ្កានេះ ឱ្យប្រជាពលរដ្ឋយកធ្វើជាកម្មសិទ្ធិនោះទេ គឺគ្រាន់តែឱ្យពួកគាត់អាស្រ័យផលប៉ុណ្ណោះ។ ត្រពាំងនេះ ជាត្រពាំងដូនតា ដូច្នេះទើបលោក មានបំណងចង់រក្សាវាទុក និងកែប្រែឱ្យក្លាយជា រមណីយដ្ឋានទេសចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋ ស្វែងរកកម្រៃបានពីតំបន់នេះ ដូច្នេះត្រូវតែរក្សាការពារ។
សូមជម្រាបថា ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានផ្ទៃដីប្រមាណជា ៦ ហិកតា និងមានមាត់ត្រពាំង ទទឹង ៥០ ម៉ែត្រ ព័ទ្ធជុំវិញ។ ត្រពាំងបុរាណនេះ នឹងត្រូវជីកស្តារជម្រៅបីម៉ែត្រ និងចាក់បំពេញ មាត់ត្រពាំង ដើម្បីរៀបចំ ជារមណីដ្ឋានទេសចរណ៍ ដែលកិច្ចការនេះ អាជ្ញាធរ គ្រោងនឹងបញ្ចប់ នៅចុងរដូវប្រាំង ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖សហការី