ពលរដ្ឋប្រទេសឈីលីបានបោះឆ្នោតគាំទ្រលោក Babriel Boric ធ្វើជាប្រធានាធិបតីក្នុងប្រទេសនេះ។ លោកនឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតនៅក្នុងប្រទេសដែលមានការបែកបាក់នយោបាយ។
លោក Babriel Boric ទើបតែមានអាយុ៣៥ឆ្នាំប៉ុណ្ណោះ ក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រទេសនេះ ក្រោយទទួលបានការគាំទ្រ៥៦% នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែធ្នូ ។ លោក Babriel Boricបានប្រកាសទៅកាន់អ្នកគាំទ្រលោកថា «ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីឆ្លងផុតរាល់ឧបសគ្គ»។ លោកក៏បានអរគុណដល់ពលរដ្ឋដែលបានផ្តល់ទំនុកចិត្តជូនលោក ។ លោក Babriel Boricបានប្តេជ្ញាកសាងឈីលី ប្រកបដោយតម្លាភាព សន្តិភាព និងនិរន្តរភាព។
ចំណែកគូប្រជែងគឺលោក Kast ទទួលបានសំឡេងគាំទ្រតែ៤៤%ប៉ុណ្ណោះ ហើយក៏បានជូនពរដល់លោក Babriel Boric ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតី ជិតបញ្ចប់អាណត្តិលោក Sebastian Pinera បានជួបពិភាក្សាជាមួយប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មី ដោយសន្យាថានឹងផ្ទេរអំណាចដោយសន្តិភាព ហើយជួយជ្រោមជ្រែងដល់រដ្ឋាភិបាលថ្មី។ ដំណើរការផ្លាស់ប្តូរអំណាចអូសបន្លាយរយៈពេល៣ខែចាប់តាំងពីការបោះឆ្នោត៕
ដោយ៖ធីរីណា(រូបថត៖Reuters )