ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» និងបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញេីសារសំឡេងពិសេសមួយ ស្ដីពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងសហគមន៍ប្រទេសកម្ពុជា។​ ជាមួយនិងការបិទបញ្ចប់ព្រឹត្តិការណ៍នេះ​ សម្ដេចតេជោ​ ក៏បានបន្ដប្រកាសយកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅតែជាបញ្ហាអាទិភាព ដែលត្រូវដើរទន្ទឹមគ្នាជាមួយនឹងការបើកប្រទេសឡើងវិញ។

ជាក់ស្ដែង​ប្រសាសន៍​សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​បែបនេះថា៖ «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបិទបញ្ចប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះទេ។ យើងគ្រាន់តែប្រកាសបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្ដែការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្ដតទៅទៀត»។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែងស្ទើរគ្មានពេលសំរាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ បានសង្កត់ធ្ងន់ថា កិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមិនអាចធ្វេសប្រហែសបានទេ ហើយសូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងសូមឲ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនៃការស្លាប់ និងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះ ឲ្យនៅបន្ដទៀត តាមរយៈការខិតខំរបស់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗ ក្នុងការអនុវត្តនូវវិធានការសុខាភិបាល។

គួរជម្រាបថា ការប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទៀតនោះឡើយ ខណៈអ្នកឆ្លងថ្មីមានត្រឹមតែ ៧នាក់ប៉ុណ្ណោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះគឺជាជោគជ័យដ៏ធំធេងមួយរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាចចាត់ទុកថា នេះគឺជាជោគជ័យមួយ ឬអាចថា ការកាត់បន្ថយនូវបរាជ័យដោយសារកូវីដ១៩ ដែលខ្ញុំ ព្រះករុណខ្ញុំ តែងតែនិយាយថា គ្មានទេពាក្យជោគជ័យ គ្រាន់តែថា ពាក្យខូចខាតវាមិនធំ។ យើងមិនមានជោគជ័យទេលើជំងឺនេះ តែក៏អាចនិយាយបានថា ជាជោគជ័យនៃការទប់ស្កាត់មិនឱ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ»។

នៅក្នុងសារប្រកាសបិទបញ្ចប់ «ព្រឹត្តិការសហគម៍២០កុម្ភៈ» សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីការលំបាកនានារបស់រាជរដ្ឋាភិបាល និងប្រជាជនបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមកង «ទ័ពអាវស» បានចូលរួមប្រយុទ្ធប្រឆាំងប្រកបដោយឆន្ទៈយ៉ាងមុះមុតបំផុត៕

ដោយ​៖ស​ តារា​


ចែករំលែក៖