ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី ពាក់ព័ន្ធឈានដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ ! អាចនឹងលេចរឿងអ្វីៗ ដែលមជ្ឈដ្ឋានទូទៅកំពុងឆ្ងល់ ។

សូមបញ្ជាក់ថា, ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។

អាវុធហត្ថភ្នំពេញ កំពុងបន្តនីតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។
ក្នុងករណីនេះ បើតាមព័ត៌មានច្បាស់ការដែលបណ្តាញសារព័ត៌មាន ទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។

សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរតាមនីតិវិធីដើម្បីស្រាវជ្រាវពីដើមចមនៃបទល្មើសនេះ៕

ដោយ៖ សិលា


ចែករំលែក៖