ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានថ្លែងបញ្ជាក់ថាបើគ្មានសន្តិភាពយើងគ្មានលទ្ធភាពអភិវឌ្ឍន៏ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះទេ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការចម្រើនលើគ្រប់វិស័យ។
ការថ្លែងបញ្ជាក់បែបនេះ របស់លោករស់ ផារិទ្ធ បានធ្វើឡើងនៅក្នុងពិធីសំណេះសណាលចែកអាវរងា ក្រមានិងថវិកាមួយចំនួន ដល់ប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពងទឹកនឹងចាស់ជរា នៅឃុំពងទឹក នាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២១ នេះដោយមានការចូលរួមពី លោកស្រីទេព ប៊ុនថារី ក្រុមការងារចុះជួយឃុំ និងអាជ្ញាធរដែនដីដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោក រស់ ផារិទ្ធ បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់ ប្រជាការពារភូមិ នគរបាលបាលប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរដែនដី ហើយសម្ដេចតែងតែគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅជាពិសេសក្នុងអំឡុងពេលកូវីដ- ១៩ រាលដាលនៅក្នុងសហគមន៍។
ថ្ងៃនេះលោកបានចុះសួរសុខទុក្ខប្រជាការពារភូមិដែលជាកម្លាំងស្នូលមួយក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាមួយកម្លាំងប៉ុស្តិ៍នគរបាល ក្រុមគ្រូពេទ្យ មនុស្សចាស់ អាជ្ញាធរមូលដ្ឋាននារដូវរងារចូលមកដល់ នៅឃុំពងទឹក ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានជំរុញ ដល់អាជ្ញាធរ សូមមេត្តាយកចិត្តទុកដាក់ជួយមនុស្សចាស់ កងកម្លាំង ក្នុងរដូវរងារ ត្រូវ បង្កលក្ខណៈឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុង នៅក្នុងគ្រាដែលលំបាកនេះ។
នៅក្នុងខេត្តស្វាយរៀងមានរោងចក្រសហគ្រាសជាច្រើនកន្លែង ដែលអាចស្រូបយកកម្មករកម្មការិនីបានប្រមាណជិត ៩មុឺននាក់ អាចជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជពលរដ្ឋបានមួយកម្រិត។
ហើយក្នុងនាមរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៑ុន សែន តែងតែកៀងគររិះរកគ្រប់មធ្យោបាយ នាំអ្នកវិនិយោគទុន មកបណ្តាក់ទុនរកសុីបង្កើតរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាយើងដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋ មានការងារធ្វើនៅក្នុងប្រទេសកាន់តែច្រើនឡើង។
លោកបានបញ្ជាក់ថា បន្ទាប់ពីប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លាយរយៈពេល ១០ខែ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នោះ។ហើយការប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទៀតនោះឡើយ ខណៈអ្នកឆ្លងថ្មីមានត្រឹមតែ ៧នាក់ កាលពីម្សិលមិញ។
លោក រស់ ផារិទ្ធ បានបន្តថា មិនតែប៉ុណ្ណោះរដូវនេះ គឺជារដូវច្រូតកាត់ហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ចៀសវាងនាំឲ្យឈឺខាតបង់ថវិកា និងពេលវេលាផងដែរ។
ហើយលោកក៏បានថ្លែងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវត្ដនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។
មួយវិញទៀតត្រូវរៀនរស់តាមបែបកន្លងថ្មីនៃបរិបទ ជំងឺកូវីដ១៩នឹងត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ក្នុងការលើកស្ទួយជីវភាពឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែល ប្រទេសកម្ពុជាបានបើកដំណើរការលើគ្រប់វិស័យឡើងវិញ។
សូមបញ្ជាក់ថាអំណោយរបស់លោករស់ ផារិទ្ធ និងក្រុមការងារ ដែលត្រូវប្រគល់ជូនប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពងទឹក ពលរដ្ឋចាស់ជរាក្នុងម្នាក់ៗទទួលបានអាវរងា ក្រមានិងថវិកាចំនួន១៥០០០រៀល រួមជាមួយគ្នានេះលោកស្រីទេព ប៑ុនថារី ក៏បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន ១តោនដល់ប៉ុស្តិ៍រដ្ឋបាលឃុំពងទឹកផងដែរ៕
ដោយ៖យឹម សុថាន