ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តសៀមរាប បានប្រាព្ធពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ដល់ប្រជាជនកម្ពុជា ពិសេសប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់នៅព្រឹត្តិការណ៍សហគមន៏២០កុម្ភ: ឆ្នាំ២០២១កន្លងមកនោះ។ ពិធីបួងសួងនេះ បានប្រព្រឹត្តិទៅស្ថិតនៅបរិវេណលោកតារាជក្នុងប្រាសាទអង្គរវត្ត នៅព្រះអង្គគោកធ្លក និងព្រះអង្គងោក (បរិវេណប្រាសាទបាយ័ន) និងបន្តមកបាននៅបរិវេណព្រះវិហារព្រះអង្គចេក ព្រះអង្គចម នៃព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ។ ពិធីបួងសួងបានប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី  អស់លោកលោកស្រី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព មន្តី្ររាជការជុំវិញខេត្ត ជាច្រើននាក់បានអញ្ចើញចូលរួមផងដែរ ។ 

បន្ទាប់ពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត និងលោកស្រី ធ្វើការបូជាទៀន ធូក និង ថ្វាយផ្កាភ្ញី នៅរានអស្នាក់រួចមក ក្នុងពិធីបួងសួងនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក ។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សា និង លោកអភិបាលខេត្ត លោកស្រី និង អស់លោក លោកស្រី  លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរដ៏បវរនៃយើង ក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល  ព្រមទាំងបារមីលោកតារាជ ព្រះអង្គគោកធ្លក ព្រះអង្គងោកនិងព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និងបារមីអរុក្ខអរក្ស អ្នកតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចំរើន  និង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិដែលគង់ប្រថាប់នៅលើទឹកដីអង្គរ ជួយធ្វើការកំចាត់នូវជម្ងឺដ៏កាចសាហាវកូវិដ១៩ និង ជម្ងឺឆ្លងផ្សេងៗឲ្យវិនាសសាបសូន្យពីកម្ពុជា ក៏ដូចនៅលើពិភពលោកទាំងមូល  ព្រមទាំងសូមឲ្យបារមីនាំមកនូវជោគជ័យគ្រប់ប្រការ ក្នុងការស្តារនូវខឿនសេដ្ឋកិច្ចជាតិ សំខាន់លើ វិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរនៃយើង ។ 

បន្ទាប់ពីធ្វើពិធីបួងសួងទៅតាមទីកន្លែងបានកំណត់រួចមក ក៏មានការនិមន្តព្រះសង្ឃធ្វើកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៌ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិមុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងប្រទេស នឹងប្រគេននៅទេយ្យទានចំពោះព្រះសង្ឃមួយចំនួនដែរ ។ ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប ចាប់ពីពេលនេះតទៅខេត្តសៀមរាបយើងអាចនឹងវិលត្រឡប់ទៅរកសភាពដើមវិញ ហើយខេត្តសៀមរាបក៏ជាខេត្តមួយដែលកំពុងតែកែប្រែមុខមាត់ថ្មីជាបណ្តើរៗ ស្របពេលដែលជម្ងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅបន្តិចម្តងៗផងដែរ ។ ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបានបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគោរពស្រឡាញ់ប្រណិបត្តិនូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនតទៅអនាគត ។ 

គួររំលឹកថា កម្មវិធីបូងសួងនេះ នៅក្នុងទឹកដីដ៏មហស្ចារ្យនៃខេត្តសៀមរាបយើង មិនមែនទើបតែធ្វើនោះឡើយ គឺមានតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះកន្លងមក ក៏មានពិធីបួងសួងបែបនេះដែរ គឺក្នុងគោលបំណង់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព សំបូរសប្បាយកូនចៅរកស៊ីមានបានជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖