ភ្នំពេញ៖ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន បានចូលថ្វាយបង្គំគាល់ សម្តេចសង្ឃរាជទាំង២និកាយរបស់កម្ពុជា។
លោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម ចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម។ ហើយបន្ទាប់ពីនោះ លោកប្រធានាធិបតីវៀតណាម ក៏នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ។
លោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីបានមកដល់កម្ពុជា នៅព្រឹកមិញនេះ លោក ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតីវៀតណាម បានមានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីវៀតណាម ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ។
លោក ង្វៀន សួនហ៊្វុក ក៏បានមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថែមទៀត។ លោកប្រធានរដ្ឋ ក៏បានអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភាផងដែរ៕
ដោយ៖សហការី