ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តសាំយ៉ុងមួយគ្រឿងបង្កប់ឈើលេខ២ធ្វើដំណើរលើផ្លូវជាតិលេខ៧៨

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាកម្លាំង​កងរាជអាវុធហត្ថ ស្រុក​ឆ្លូង ខេត្តក្រចេះ បានឃាត់ចាប់រថយន្តសាំយ៉ុងមួយគ្រឿងដែលលួចដឹកឈើប្រភេទលេខពីរ។

ករណីខាងលើនេះធ្វើឡើងនៅវេលា​ម៉ោង ៩ ព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១នេះ​ ​បន្ទាប់ពីរថយន្ត ដឹកឈើ​មួយគ្រឿងនោះធ្វើដំណើរ នៅលើ​ផ្លូវ​លេខ​៧៨ ក្រចេះ​-​ឆ្លូង។​

​ប្រភពព័ត៌មានពីមន្រ្តីខាងលើបានបន្តថា​ ក្រោយពេល​ស្ទាក់​ឃាត់​រថយន្ដ ដឹកឈើ ប្រភេទ សាំ​យ៉ុង ពណ៌​លឿង មួយគ្រឿង ដែលមាន​ស្លាកលេខ ភ្នំពេញ 2v.0094 នោះមក ឃើញថា បាន​ដឹកឈើ​ប្រភេទ​លេខ ២ ក្តារ​គ្រឿងផ្ទះ ដាក់​ក្រោម​កៅអី និង​ពីក្រោមដំបូលរថយន្ត​។​

​សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាក្រោយពី​ឃាត់​ភ្លាម ខាង​សមត្ថកិច្ច ក៏បាន​យកទៅ​រក្សាទុក នៅ​ទីបញ្ជាការកងរាជអាវុធហត្ថ ស្រុក​ឆ្លូង ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​កំណត់ហេតុ ប្រគល់ជូន ជំនាញ រដ្ឋបាល​ព្រៃឈើ តាម​នីតិវិធី​ច្បាប់​។

សូមបញ្ជាក់ថាថ្មីៗកន្លងមកនេះឈ្មួញរកសុីបទល្មើសព្រៃឈើនៅតែបន្តគ្រប់រូបភាពដើម្បីផលប្រយោជន៍ខ្លួនដោយគ្មានខ្លាចញញើតសមត្ថកិច្ចឬជំនាញបន្តិចណាទាល់តែសោះ។

តាមប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងថាចំពោះបទល្មើសព្រៃឈើរាល់ថ្ងៃមកក៏មានឈ្មួញរកស៊ីឈើខ្លះត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀតទើបរកស៊ីបានងាយស្រួលដោយគ្មាននរណាហ៊ានប៉ះពាល់ឬចាប់នោះទេព្រោះពួកគាត់បានសែនត្រូវ៕

ដោយ៖ អរុណរះ


ចែករំលែក៖