អណ្តូងរ៉ែត្បូង Hpakant ស្ថិតនៅក្នុងរដ្ឋ Kachin គឺជាអណ្តូងរ៉ែដ៏ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាន បាក់ស្រុតបណ្តាលឱ្យកម្មករប្រមាណ១០០នាក់បាត់ខ្លួន ក្នុងនោះមានមនុស្សម្នាក់ស្លាប់ ។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។ ជាមួយគ្នានេះមានមនុស្ស២៥នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅពេលនេះក្រុមជួយសង្គ្រោះប្រមាណ២០០នាក់ កំពុងតែស្វែងរកជួយសង្គ្រោះអ្នកដែលត្រូវដីបាក់សង្កត់ និងធ្លាក់ចូលក្នុងរណ្តៅនៃអណ្តូងរ៉ែ។ ក្រុមអ្នកជួយសង្រ្គោះបានប្រាប់ដូច្នេះថា «មនុស្សចន្លោះប្រហែល៧០-១០០នាក់កំពុងតែបាត់ខ្លួនក្នុងករណីគ្រោះបំណាក់ដី ដែលបានកើតឡើងកាលពីវេលាម៉ោងខ្ទង់៤ទៀបភ្លឺថ្ងៃពុធទី២២ធ្នូនេះ។
គ្រោះរលំបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ដទៃទៀតតែងតែកើតមានឡើងជារឿយៗនៅកន្លែងជីករុករកត្បូងក្នុងតំបន់ Hpakant ដែលជាកន្លែងអាជីវកម្មរុករកត្បួងថ្លើមថ្មធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋកាឈីន។
កាលពីខែកក្កដា ឆ្នាំ២០២០ មនុស្សរហូតដល់ជាង១៧០នាក់ ដែលភាគច្រើនជាជនចំណាកស្រុក បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់បំផុតមួយប្រចាំតំបន់ Hpakant ដោយសារគ្រោះរលំបាក់ដីដូចគ្នា។ មីយ៉ាន់ម៉ាជាប្រទេសផ្គត់ផ្គង់រ៉ែត្បូងរហូតដល់ទៅ ៩០% នៃរ៉ែត្បូងនៅលើពិភពលោក ភាគច្រើនគឺបានមកពីអណ្តូងរ៉េ Hpakant ៕ដោយ៖ធីរីណា
រូបថត៖AP