ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវកាសោកស្ដាយ មិនគួរយើងមានបញ្ហាជំងឺកូវីដ-១៩ ដែលធ្វើអោយប្រទេសយើងត្រូវបានអាក់ខានក្នុងការអភិវឌ្ឍមួយចំនួន ។ សម្ដេចបានលើកឡើងថា, បើអត់កូវីដ-១៩ វិញ សម្ដេចនឹងប្រើយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសឱ្យរីកចម្រើន គឺបញ្ចេញលុយដែលបានសន្សំយកមកធ្វើ ស្ពាន ថ្នល់ ពេញប្រទេសតែម្ដង ។
សម្ដេចមានប្រសាសន៍លើកឡើងទៀតថា, សូមបងប្អូនប្រជាពលរដ្ឋ កុំភ័យ ព្រួយខ្លាំងពេកចំពោះជំងឺអាមីក្រុង ខណៈនៅប្រទេសកម្ពុជាយើង គឺមានចំនួន ៨ករណីហើយ ប៉ុន្តែពេលយកទៅដាក់នៅ ដោយឡែកនៅមន្ទីរពេទ្យហង់សុីន ពិនិត្យឃើញថាជំងឺនេះខ្សោយទេ ប៉ុន្តែអ្វីដែលបណ្ដាលឲ្យមនុស្សស្លាប់គឺដែលតា ។ ដូច្នេះហើយសម្ដេចក៏សូមផ្ដាំហើយផ្ដាំទៀត សូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិ អនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ។ ខណៈជំងឺអាមីក្រុងនេះ កំពុងវាយលុកយ៉ាងខ្លាំងនៅអឺរ៉ុប ក្នុងនោះនៅប្រទេសអង់គ្លេសស្លាប់ជាង ១០នាក់ ប៉ុន្តែនៅសហរដ្ឋអាមេរិកគឺកើតខ្លាំងមែនទែន។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា, កំពុងឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សិក្សាពិនិត្យឡើងវិញ តើនៅកម្ពុជាយើងអាចចាក់ដូសទី៤ បានទេ បើអាចចាក់បាន គឺចាក់ឲ្យមន្ត្រីជួរមុខរបស់យើងមុនគេបង្អស់ ដែលសម្ដេចសំដៅទៅលើក្រុមគ្រូពេទ្យ។
សម្ដេចបានគូសបញ្ជាក់ថា, ក្រុមអង្គរក្សរបស់សម្ដេចផ្ទាល់បានចាក់វ៉ាក់សាំងដូសទី៤ រួចអស់ហើយ ។ សម្ដេចបញ្ជាក់ថា, អង្គរក្សរបស់សម្ដេចចំនួន ៤០០នាក់បានធ្លងកូវីដ-១៩ តែបច្ចុប្បន្នគឺគ្មានបញ្ហាអ្វីទេ បន្ទាប់ពីចាក់ដូសទី៤រួចរាល់ ។
សូមបញ្ជាក់ថាសម្ដេចបានថ្លែងបែបនេះ, ក្នុងពិធីអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិគយ អគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)៕
ដោយ ៖ សុខ ខេមរា