ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា អគាររដ្ឋបាលគយចំណាយថវិកាជាង ៣៣លានដុល្លារ និង អគារសាលាជាតិគយចំណាយអស់ ជាង១៤លានដុល្លារ និង អគារសារមន្ទីរគយចំណាយអស់ ៣៨ម៉ឺនដុល្លារ លើការជួសជុល ដែលនេះជាការអភិវឌ្ឍសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែបើនិយាយពីប្រវត្តិ គឺជាខួបលើកទី៧០នៃថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចឲ្យគយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មបានឡើយ ។ បើក្រសួងពាណិជ្ជកម្មគ្រប់គ្រងគយ វាមិនខុសពីមនុស្សតែម្នាក់ជាអ្នកទាត់បាល់ផង អ្នកចាំទីផងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការតស៊ូស្វិតស្វាញ នៃវឌ្ឍនភាពគយ និងរដ្ឋាករកម្ពុជា ចាប់តាំងពីសម័យបារាំងគ្រប់គ្រងកម្ពុជា និងពេលទទួលឯករាជ្យពីបារាំង ព្រមទាំងបច្ចុប្បន្នភាព ហើយសម្តេចបានបញ្ជាក់ថា ធ្វើជាមនុស្សពេលផឹកទឹក ត្រូវនឹងឃើញប្រភព និងជ្រកក្រោមម្លប់ ត្រូវនឹកឃើញអ្នកដាំ ដែលនេះចង់រំលឹកពីគុណបំណាច់ដ៏ធំធេងនៃព្រះរាជបូនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ មានន័យថា, សម្តេចតេជោ លើកឡើងថា ប្រវត្តិនៃការបង្កើតរដ្ឋបាលគយកម្ពុជា ជាស្នាព្រះហស្ថរបស់ព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីដំបូងឡើយ គយមិនមែនកើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ គឺកើតឡើងដោយក្រសួងពាណិជ្ជកម្ម ដែលកាលនោះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី តាំង សារឹម។ សម្តេចបានថ្លែងដូច្នេះ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើរដ្ឋមន្ត្រីណានិយាយពីការលក់គយតទៅទៀត នឹងត្រូវដកចេញពីតំណែងតែម្តង។ សម្តេចបញ្ជាក់ថា ការលក់គយស្មើនឹងលក់អធិបតេយ្យភាពជាតិ។ “យើងមិនឱនក្បាលចំពោះបរទេសណានោះទេ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱនក្បាលទៅ រណបប្រទេសណា ដើម្បីយកជំនួយបាននោះឡើយ ខណៈប្រទេសខ្លះផ្តល់ជំនួយមកកម្ពុជា ដោយ ភ្ជាប់មកលក្ខខណ្ឌមកជាមួយនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលហ៊ុន សែន មិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ខណៈការគ្រប់គ្រងថវិកានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺមានរបៀបរៀបរយល្អណាស់ ដោយមិនចេះតែចំណាយផ្តេសផ្តាសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយជាង ៣០លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ (កម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ) ដោយក្នុងនោះមិនទាន់គិតចំពោះការចំណាយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ប្រទេសកម្ពុជាមានករណីមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ចំនួន៨ករណីហើយ។ ប៉ុន្តែជាជំងឺស្រាល តែយើងកុំភ្លេច ៣កុំ ៣ការពារ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឱ្យដឹងពីការបម្រុងត្រៀមវ៉ាក់សាំងសម្រាប់ការចាក់ដូសទី៤ដល់ក្រុមជួរមុខ មានក្រុមគ្រូពេទ្យ និងក្រុមដទៃទៀតដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទុកអោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណាក្នុងករណីនេះ ខណៈអង្គរក្សសម្តេចបានចាក់វ៉ាក់សាំងដូសទី៤ រួចរាល់ហើយ។
សម្តេចតេជោ បានប្រកាសជាថ្មី គឺមិនអនុញ្ញាតអោយមានឡាន ដែលមិនទាន់បានបង់ពន្ធបើកបរលើផ្លូវនោះទេ ដោយសម្តេចជំរុញអោយរថយន្តគ្មានពន្ធ ឡានចង្កូតស្តាំ ជ្រកក្រោមស្លាកលេខនានាត្រូវចូលមកបង់ពន្ធអោយបានត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់តំណែងជា មេគយនៅកម្ពុជា គឺជាឆន្ទានុសិទ្ធិ របស់រាជរដ្ឋាភិបាលជាអ្នកសម្រេច ពុំមានការរត់ការដើម្បីដោះដូរ និងតំឡើងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម និងភាពចាំបាច់នៅស្ថាប័នមួយនេះ ដែលជាឫសគល់ នៃសេដ្ឋកិច្ចជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាលបានចំណាយបួនរយលានដុល្លារសម្រាប់ផ្គត់ផ្គង់ភ្លើងនៅរាជធានីភ្នំពេញ និងបួនរយលានដុល្លារទៀតនៅខេត្តព្រះសីហនុ ខណៈខេត្តសៀមរាបចំនួនពីររយលានដុល្លារនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គឺមិនអនុញ្ញាតិឲ្យមានទំនិញគេចពន្ធបន្ត ទៀតបន្តទៀតនោះឡើយជាពិសេសគឺឡាន និងម៉ូតូតែម្តង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា អាស៊ាន៩ គឺជាអាស៊ានមិនគ្រប់ទឹក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានអ្វីខុសនោះទេ ខណៈប្រទេសមួយចំនួនរិះគន់សម្តេចចំពោះដំណើរទស្សនកិច្ចនេះតើប្រទេសទាំងនោះបានផ្តាច់ស្ថានទូតរបស់ពួកផងខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាហើយឬនៅ? សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមែនជារឿងខុសនោះទេ ដរាបណាប្រទេសផ្សេងៗនៅលើពិភពលោក មិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ផងនោះ រីឯកម្ពុជាក៏មានទូតនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នា ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន? សម្តេចតេជោ ផ្តាំទៅមេដឹកនាំ និង អ្នកកាសែតនៅប្រទេសដែលរិះគន់សម្តេច សូមទៅរៀនសូត្រឡើងវិញពីទំនាក់ទំនងការទូត ។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងធ្វើអោយអាស៊ានចេញពី៩ មក ១០វិញដែលហៅថា អាស៊ានគ្រប់ទឹក ។
សម្តេចតេជោក៏បានដាក់សំណួរទៀតថា «ប្រសិនបើមិនអោយនិយាយជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហា តើអោយនិយាយជាមួយអ្នកណា?»។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ។ ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរលឹកនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវស្នាព្រះហស្ថដ៏ច្រើនអនេករបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យ ជូនជាតិកម្ពុជាពីបារាំង និងកសាងសង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្ញប់ស្ញែងចំពោះព្រះបញ្ញាញាណ និងព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យ ដោយមិនប្រើកម្លាំងប្រដាប់អាវុធ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានព្រះរាជបូជនីយកិច្ចរបស់សម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង៕
ដោយ ៖ សិលា