ក្រុមកាំភ្លើងធំArsenal នឹងត្រូវជួបក្រុមខ្លាំងហង្សក្រហម Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ខណៈដែលក្រុមខ្លាំងតោខៀវ Chelsea នឹងជួបក្រុមមាន់ខ្នាយមាស Tottenham ។
ជំនួបរវាងក្រុម Chelsea ជាមួយក្រុម Spurs គឺជាការកើតឡើងម្តងទៀតនៃវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៥ នៅពេលដែលក្រុមតោខៀវបានឈ្នះ ២-០ នៅ Wembley ។
ក្រុមហង្សក្រហម Liverpool ដែលឈ្នះ៨សម័យកាលបានប្រកួតឈ្នះក្រុម Leicester ដោយសារបាល់កាត់សេចក្តីប៉េណាល់ទី ៥ទល់៤ ក្រោយពីប្រកួតស្មើ ៣ទល់៣ ឡើងទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យរំភើបកាលពីថ្ងៃពុធ។
ចំណែកក្រុម Arsenal ដែលឈ្នះ៥ទល់១ លើក្រុម Sunderland កាលពីថ្ងៃអង្គារ បានចាញ់ការប្រកួតចុងក្រោយចំនួន៣ចាប់តាំងពីការឈ្នះពានរង្វាន់ League Cup ចុងក្រោយរបស់ពួកគេក្នុងឆ្នាំ១៩៩៣។ នៅពេលដែលក្រុមទាំងពីរបានជួបគ្នានៅ Anfield ក្នុង Premier League កាលពីថ្ងៃទី២០ ខែវិច្ឆិកា អ្នកចាត់ការ Liverpool លោក Jurgen Klopp និងគ្រូបង្វឹក Arsenal លោក Mikel Arteta បានខឹងសម្បារគ្នា ហើយពេលនោះក្រុមហង្សក្រហមឈ្នះការប្រកួតក្នុងលទ្ធផល ៤ទល់០។
ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham មិនបានឈ្នះពាននេះទេចាប់តាំងពីបានយកឈ្នះក្រុម Chelsea ២ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៨។ ក្រុម Tottenham បានយកឈ្នះក្រុមភ្ញៀវ West Ham ២ទល់១ កាលពីរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យក្រុមនេះឡើងទៅប៉ះ Chelsea ម្តងទៀត។
រីឯក្រុមតោខៀប Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតនេះដែរ ដែល២គ្រាប់របស់ក្រុមនេះគឺសុទ្ធសឹងតែជាគ្រាប់បាល់សំណាង គឺការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង១គ្រាប់ និងបាល់ពិន័យប៉េណាល់ទី១គ្រាប់ ។
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើង២ជើង ដោយការប្រកួតជើងទី១នៃការប្រកួតនីមួយៗនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ ចំណែកការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ហើយវគ្គផ្ដាច់ព្រ័ត្រនៅ Wembley នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)