ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរតារាចម្រៀងវីរៈនិច្ច ទទួលបានតំណក់ឈាមដំបូងជាកូនភ្លោះទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រថ្លែងអំណរសាទរនិងក្តីរំភើបជួសតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច្ច ដែលទទួលបានតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូង។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនិងរីករាយខ្លាំងនោះគឺកូនក្នុងផ្ទៃរបស់នាងមិនមែនមានតែម្នាក់ទេគឺជាកូនភ្លោះតែម្តង ហើយនាងនឹងក្លាយជាសិល្បករបន្ទាប់ដែលមានកូនភ្លោះ។ 

   តារាស្រីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះថា «នេះជាកាដូធំបំផុតសម្រាប់គ្រួសាររបស់ខ្ញុំមិនមែន១ទេ គឺទទួលបានសមាជិកថ្មីរហូតទៅដល់២ (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេ គឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែលបានទទួលពីមុនមកទេ រឿងដែលនឹកស្មានមិនដល់បែបនេះ។ ស្វាគមន៍ឆ្នាំថ្មី២០២២»។ នាងបានទាំងបញ្ជាក់ទៀតថា កូនក្នុងផ្ទៃរបស់នាងទើបតែមានវ័យ៧សប្តាហ៍២ថ្ងៃប៉ុណ្ណោះ។  មានអ្នកគាំទ្រជាច្រើនបានផ្ញើសារអបអរសាទរទៅកាន់តារាចម្រៀងស្រស់សោភារូបនេះ និងសរសើរនាងពេញៗមាត់ថា នាងពិតជាសំណាងដែលមានស្វាមីសង្ហា ពូកែថ្នាក់ថ្នម ហើយពេលនេះមានកូនក្នុងផ្ទៃលើកដំបូងជាកូនភ្លោះទៀត ។ 

  ពេលនេះនាងបានក្លាយជាសិល្បការិនីបន្ទាប់ដែលមានកូនភ្លោះបន្ទាប់ពីភរិយាតារាកំប្លែងនាយក្រឹម, តារាសម្តែងលោកជុំ ស៊ីថា ដែលមានកូនភ្លោះ៣, ពិធីការិនី អ្នកនាង មាស ម៉ូលីណា, អ្នកនាងឈិត សុជាតា និងអ្នកនាងឈិន សុធារីជាដើម។ 

  គួរបញ្ជាក់ដែរថា តារាចម្រៀង វីរៈនិច្ច បានរៀបមង្គលការតាមទំនៀមទម្លាប់ខ្មែរនៅលើទឹកដីនៃខេត្តព្រះសីហនុជាមួយនឹងបុរសឈ្មោះខៀវ ពេជ្រ ជាអ្នកជំនួញនៅទីនោះកាលពីអំឡុងពាក់កណ្តាលខែតុលាឆ្នាំ២០២១ ហើយពួកគេបានបង្ហាញភាពផ្អែមល្ហែមរួមគ្នាជាញឹកញាប់ លុះមកដល់ពេលនេះពួកគេក៏ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាកូនភ្លោះទៀត៕ 

                                   

ដោយ ៖ វឌ្ឍនា


ចែករំលែក៖