ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាលជាង១០នាក់​និងខូចខាតរថយន្ត​, រុឺម៉កសណ្ដោង​និងម៉ូតូ១៣គ្រឿង​ បង្កដោយរថយន្តធុនធំបេីកបុករះពេលចុះពីលេីស្ពានព្រះមុនីវង្សចាស់ហើយដាច់ហ្វ្រ័ង

ចែករំលែក៖

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីជាង១០នាក់ដែរបានរងរបួសធ្ងន់និងស្រាល​ ហើយរថយន្តជាង១០គ្រឿងទៀតក៏រងការខូចខាតយ៉ាងដំណំ​ ដែលបានរងគ្រោះដោយសាររថយន្តឃ្លុបធុនធំបេីកចុះពីលេីស្ពានព្រះមុនីវង្សចាស់​ហើយបានដាច់ហ្វ្រ័ងធ្វើឱ្យបុករះយានយន្តទាំងនេះទាំងកំរោល​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចស្ពានអាកាសក្បាលថ្នល់​ តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគឺ​មានបងប្អូនប្រជាពលរដ្ឋជាច្រេីនបានធ្វេីដំណេីរតាមដងផ្លូវត្រង់ចំណុចកេីតហេតុ​ ហើយស្របពេលនោះក៏មានរថយន្តប្រភេទឃ្លុប​ធុនធំ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 3G-3338 បើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ក្នុងទិសដៅពីកើតទៅលិច ខណៈចុះមកដល់ក្រោមស្រាប់តែរថយន្តនោះដាច់ហ្វ្រ័ងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បីដែលនៅខាងមុខសរុបទាំងអស់១០គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស១៣នាក់ក្នុងនោះធ្ងន់៧នាក់ ។ ក្នុងហេតុការណ៍នេះ បង្កឱ្យខូចខាត​រថយន្ត៣គ្រឿង ម៉ូតូ៦គ្រឿង និងម៉ូតូកង់បី៤គ្រឿង សរុប១៣គ្រឿង ។ បើតាមសម្តីតៃកុងរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនបានឱ្យដឹងថា ពេលគាត់បើកចុះពីលើស្ពាន​ស្រាប់តែរថយន្តជាន់ហ្វ្រ័ងលែងស៊ី ហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងបួងចង្កូតឱ្យទៅបុកខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។

    ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ និងសម្រួលការកកស្ទះ ចរាចរណ៍ ព្រមទាំងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖