ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសង្ឃឹមស្វែងរកអ្នកនៅរស់ក្នុងគ្រោះថ្នាក់បាក់ដីនៅអណ្តូងរ៉ែត្បូងក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែបាត់បង់

ចែករំលែក៖

មន្ត្រីមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា កម្លាំងជួយសង្គ្រោះ និងក្រុមស្ម័គ្រចិត្តបាននិងកំពុងតែខិតខំស្វែងរកអ្នកដែលបាត់ខ្លួនប្រមាណជាង៨០នាក់ទៀត ហើយក្តីសង្ឃឹមរកឃើញអ្នកនៅរស់កាន់តែបាត់បង់ តាមពេលវេលា ។
គិតមកដល់ថ្ងៃទី២៣ខែធ្នូ ក្រុមជួយសង្គ្រោះមីយ៉ាន់ម៉ាបានរកឃើញសាកសពមនុស្ស៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ដីនៅអណ្តូងរ៉ែត្បូង នៅរដ្ឋ Kachin សាកសពទាំង៣នាក់គឺជាបុរស ។ នៅមានមនុស្សរាប់សិបនាក់ទៀតនៅបាត់ខ្លួននៅឡើយទេ ហើយក្រុមជួយសង្គ្រោះបញ្ជាក់ថា ក្តីសង្ឃឹមស្វែងរកអ្នកនៅរស់គឺមានតិចតួចណាស់។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជួយសង្គ្រោះនៅក្នុងរដ្ឋ Hpakant លោក Pyae Nyein បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះនិងអ្នកស្ម័គ្រចិត្តបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន ។ លោកបន្តទៀតថា អាចនឹងមានមនុស្សរាប់សិបនាក់ស្លាប់ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានប្រកាសឱ្យដឹងថា នៅវេលាម៉ោង៤ថ្ងៃទី២២ខែធ្នូ អណ្តូងរ៉ែត្បូងថ្ម បានបាក់ដីពីកម្ពស់ប្រមាណ៦០ម៉ែត្រចុះមកនាំទាំងមនុស្សជាច្រើនចូលទៅក្នុងបឹងនៃទីតាំងរ៉ែត្បូងស្ថិតនៅក្នុងភូមិ Thar Yar Kone ស្ថិតនៅក្នុងខេត្ត Hpakant ប្រទេសមីយ៉ាន់ម៉ា ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថានឹងមានមនុស្សយ៉ាងតិច៨០នាក់កំពុងបាត់ខ្លួននៅឡើយទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយ Myanmar Now បានផ្សាយថា មានមនុស្សប្រមាណ១០០នាក់ត្រូវដីបាក់សង្កត់ពីលើរហូតមកទល់ពេលនេះរកមិនទាន់ឃើញនៅឡើយ៕

ដោយ៖ធីរីណា(រូបថត៖AFP/VNA)


ចែករំលែក៖