ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍បង្កលក្ខណៈងាយស្រួលក្នុងពេលប្រឡងបាក់ឌុប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត សូមជួយបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងបធ្យមសិក្សាទុតិយភូមិ។

ការអំពាវនាវនេះធ្វើឡើងស្របទៅតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ថា នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងអប់រំនឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយអនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនេះ។

ដូចនេះ ក្រសួងទេសចរណ៍ក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួលផ្តល់កន្លែង កុំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍៖ 

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ឲ្យបានជ្រាបថា នៅថ្ងៃចន្ទ-អង្គារ ៨-៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយអនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួមការ ប្រឡងនេះ។ ដូចនេះ ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មផ្តល់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយ ស្រួលផ្តល់កន្លែង កុំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្សនៅក្នុងឱកាសពេល ប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមតាមសេចក្តីអំពាវនាវខាងលើ ឲ្យបានល្អ ប្រកប ដោយការទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖