ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តីទី៥

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តីទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យនាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២១នេះ។  

លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះផងដែរ ខ្ញុំក៏សូមចូលរួមអបអរសាទរ និងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេចប្រធានគណបក្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ដែលបានបោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។ 

លោកបន្តថា, លទ្ធផលនៃការសម្រេចចិត្តរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តមួយប្រកបដោយសុភវិនិច្ឆ័យ និងក៏ជាការសម្រេចចិត្តដែលបន្តធានាបាននូវភាពជឿជាក់ពីសំណាក់សមាជិក សមាជិការបស់គណបក្ស ក៏ដូចជាការបន្តរក្សាបាននូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គមកម្ពុជាសម្រាប់ថ្ងៃអនាគត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖