ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្នាក់ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានបើកវគ្គអប់រំផ្សព្វផ្សាយប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់ប្រជាពលរដ្ឋចំនួន៥២នាក់ (ស្រី៣៥នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។
នាឱកាសនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកបានលើកឡើងពីគោលបំណងនៃការបើកវគ្គអប់រំនេះគឺ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាវិជ្ជាមួយសំខាន់ក្នុងការជួយកាត់បន្ថយការឈឺចាប់ និងសភាពធ្ងន់ធ្ងររបស់ជនរងគ្រោះបាន មុនក្រុមគ្រូពេទ្យឫឡានសង្គ្រោះមកដល់ ។
លោកនាយកប្រតិបត្តិសាខា សង្ឃឹមថាយ៉ាងមុតមាំថា ក្រោយពីបានចូលរួមវគ្គអប់រំនេះហេីយ បងប្អូនប្រជាពលរដ្ឋនឹងមានការយល់ដឹងក្នុងការជួយសង្គ្រោះ ក៏ដូចជាផ្សព្វផ្សាយបន្តទៅកាន់សមាជិកក្រុមគ្រួសារ ប្រជាពលរដ្ឋនៅរស់ក្នុងសហគមន៍ជាមួយគ្នា ។
សូមបញ្ជាក់ថា៖ មេរៀនដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖
១. ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ កាកបាទក្រហមកម្ពុជា និងវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា ។
២. ច្បាប់សុវត្ថិភាពចរាចណ៍ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
៣. វិជ្ជាសង្គ្រោះបឋម ៕
ដោយ៖ស តារា