ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឌី​ រ័ត្ន​ខេមរុណ​ ដឹកនាំមន្រ្តីចុះប្រមូលសំរាម​ រើសសំរាម និង កាត់ស្មៅសំអាតនៅបរិវេណ ក្រោមស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាវេលាម៉ោង ៣រសៀលថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីការិយាល័យសាធារណការ បរិស្ថាន សណ្តាប់ធ្នាប់ខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ និងភ្នាក់ងារអនាម័យសង្កាត់ស្ទឹងមានជ័យទី១ ចុះប្រមូលសំរាម រើសសំរាម និងកាត់ស្មៅសំអាត នៅបរិវេណក្រោមស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតនៅព្រំប្រទល់ សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសណ្តាប់ធ្នាប់ ល្អ បរិស្ថានល្អ និងអនាម័យល្អ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសំរាម រើសសំរាម និង កាត់ស្មៅសំអាត ក្រោមស្ពានអាកាសស្ទឹងមានជ័យ នេះដែរលោកអភិបាលរងខណ្ឌ បានណែនាំឱ្យមន្រ្ដីការិយាល័យសាធារណការ បរិស្ថាន សណ្តាប់ធ្នាប់ខណ្ឌ ភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ ក្រុមការងារពាក់ព័ន្ធ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងបន្ថែមទៀតលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បន្តទៀតថាត្រូវផ្សព្វផ្សាយអប់រំ ដល់ បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ទុកដាក់ និង វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ និង តាមពេលវេលាដែលបានកំណត់ ដើម្បីងាយស្រួល ដល់ក្រុមការងារប្រមូលសំរាម អោយទាន់ពេលវេលា ។ 

សូមបញ្ជាក់ផងដែរថា ក្នុងការប្រមូលសំរាម រើសសំរាម និង កាត់ស្មៅ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ នេះដែរ មានកំលាំងចូលរួមសរុប ៣៥ នាក់ ប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅរបស់សាលាខណ្ខ ចំនួន ០២គ្រឿង ជាមួយរ៉ឺម៉ក់ប្រមូលសំរាមរបស់សង្កាត់ចំនួន ០១ គ្រឿង ។

ជាចុងក្រោយ លោកអភិបាលរងខណ្ឌ បានដាក់ផែនការអោយ អាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និង មន្ត្រី សាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងបរិស្ថានអនាម័យ អោយដូចភ្លៀងរលឹម ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕

ដោយ៖ស តារា


ចែករំលែក៖