ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រឹកថា តារាចម្រៀងនាង ប្រាក់ សុគន្ធទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១នេះ ទស្សនិកជននិងសិល្បករជាច្រើនមានការភ្ញាក់ផ្អើលស្លុតចិត្តមិនតិចនោះទេក្រោយពីគេទទួលបានដំណឹងថាតារាចម្រៀងដ៏ស្រស់សង្ហា មានរូបរាងខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចរាចរណ៍។ នេះបើយោងតាមព័ត៌មានបឋមដែលគេទទួលបានពីអ្នករួមអាជីព។ 

   នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះដែរ គេបានឃើញតារាចម្រៀងជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងប្រាក់ សុគន្ធដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរឱ្យជឿ ព្រោះថាវាពិតជាលឿនខ្លាំងមិនអាចត្រៀមចិត្តបាន។ ការបង្ហាញអារម្មណ៍សោកស្តាយនេះគឺក្រោយពីគេដឹងថា នាងប្រាក់ សុគន្ធ និងប្អូនស្រី គឺកញ្ញា នាង គន្ធា ដែលជាបងប្អូនបង្កើតនឹងគ្នានោះជាមនុស្សស្លូតបូតសុភាពរាបសា និងតស៊ូព្យាយាមខ្លាំងនៅនឹងការងារសិល្បៈ មិនគួរណាមកទទួលមរណភាពទាំងវ័យក្មេងដូចនេះសោះ។ 

  ពិធីករលោក ប៉ែន ចំរ៉ុងបានបង្ហោះសារដ៏សោកសៅដែរថា “ស្លុតចិត្តណាស់ប្អូនអើយ ជាមនុស្សស្លូតបូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯងរួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ សូមកុសលផលបុណ្យដែលបានសាងជួយដល់វិញ្ញាណ

ក្ខន្ធប្អូនទៅកាន់សុគតិភព។ តារាចម្រៀងលោក ណាផាត ដែលជាមិត្តរួមអាជីពបានបញ្ជាក់ថា  នាង ប្រាក់ សុគន្ធ ពិតជាបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍មែន ប៉ុន្តែលោកនៅមិនទាន់ដឹងដំណឹងលម្អិតជុំវិញរឿងនេះនៅឡើយ ហើយពេលនេះសពរបស់តារាចម្រៀងរូបនេះត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមទំនៀមទម្លាប់នៅឯស្រុកកំណើត។ 

    គួរបញ្ជាក់ដែរថា នាង ប្រាក់ សុគន្ធ មានវ័យ២៥ឆ្នាំ ដែលកាលពីអំឡុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះនិងប្អូនស្រីកញ្ញា នាង គន្ធា ដែលគ្រានោះទើបនឹងមានវ័យ១៦ឆ្នាំ បានលើកយកបទចម្រៀង បានយ៉ាងពីរោះមកចូលរួមប្រកួតក្នុងកម្មវិធីCambodian Idol រដូវកាលទី២ ពិសេសគឺកញ្ញា នាង គន្ធា បានលើកយកបទដ៏កម្សត់មួយគឺបទ«ម៉ែ»យកមកច្រៀងរហូតធ្វើឲ្យគណៈកម្មការទាំង៤រូប និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំឡេងនិងសាច់រឿងបានចាក់ដោតដល់បេះដូងអ្នកស្តាប់យ៉ាងខ្លាំង ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖