ភ្នំពេញ៖ នៅទីស្ដីការក្រសួងអប់រំ យុវជននិងកីឡា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ បានរៀបចំកិច្ចប្រជុំត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រោមការដឹកនាំដោយ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ ជាច្រើនទៀត ។
សូមបញ្ជាក់ថា, គណៈមេប្រយោគប្រចាំការមានតួនាទីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបថា, ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕
ដោយ ៖ សិលា