ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៤ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Range Rover យ៉ាងលឿនជ្រុលទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់  ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញម៉ូតូសណ្ដោងរ៉ឺម៉ក មិនមានស្លាកលេខ រួមដំណើរមានគ្នាបួននាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-5687 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុង ទិសដៅស្របគ្នាពីជើងទៅត្បូងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងរ៉ឺម៉កទៅមុខជាច្រើនម៉ែត្រ និងមនុស្ស៤នាក់ក្នុងរ៉ឺម៉កបានរងរបួសធ្ងន់ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តបង្កបានរត់ឡើងលើម៉ូតូកង់បី គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្ក និងរ៉ឺម៉កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖