ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លិប Liverpool បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យក្លិបបង្កើនតម្លៃខ្លួនជាផ្នែកមួយនៃការចរចាលើការបន្តកិច្ចសន្យា។
ខ្សែប្រយុទ្ធ Haaland មកពីក្រុម Borussia Dortmund ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិបលីគកំពូលអាល្លឺម៉ង់ Bundesliga នៅរដូវក្តៅនេះនៅពេលដែលលក្ខខណ្ឌទិញផ្តាច់ក្នុងតម្លៃ៧៥លានអឺរ៉ូនឹងចូលជាធរមាន ហើយនឹងអនុញ្ញាតឱ្យមានការប្រកួតប្រជែងពីក្លិបធំៗទាក់ទងជាមួយកីឡាករសញ្ជាតិន័រវេសនេះផងដែរ។
ខ្សែប្រយុទ្ធ Salah បានស្នើឱ្យក្លិប Liverpool ពង្រឹងក្រុមរបស់ពួកគេ ដើម្បីធ្វើឱ្យក្រុមកាន់តែមានការប្រកួតប្រជែងនាពេលអនាគត។ដូច្នេះហើយ Liverpool ត្រូវបានគេចាត់ទុកថា កំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើ Haaland រួមជាមួយក្លិប Paris Saint-Germain ខណៈដែល Manchester City, Real Madrid, Barcelona និង Manchester United ក៏ចាប់អារម្មណ៍ក្នុងការទិញរូបគាត់ផងដែរ។
លោក Jurgen Klopp បានបង្ហាញពីជំនឿរបស់គាត់ថា Haaland នឹងទាក់ទាញចំណាប់អារម្មណ៍ពីក្លិបយក្សធំៗនៅអឺរ៉ុបផ្សេងៗ ហើយបានឆ្លើយតបនឹងសំណួរអំពីចំណាប់អារម្មណ៍ដ៏មានសក្តានុពលមកកាន់Liverpool។ លោក Klopp និយាយថា “មិនយូរមិនឆាប់ Haaland នឹងស្ថិតក្នុងគោលដៅនៃក្លិបធំៗ។ ខ្ញុំមិនដឹងថា វានឹងជាឆ្នាំក្រោយឬអត់ ប៉ុន្តែ Dortmund នឹងត្រូវប្រឈមមុខ។ ខ្ញុំមិនមានលេខទូរស័ព្ទរបស់គាត់ទេ គាត់គ្រាន់តែជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍ ខ្ញុំចូលចិត្តថាមពលរបស់គាត់ ប៉ុន្តែគាត់នឹងត្រូវបានសង្កេតឃើញដោយក្រុមភាគច្រើន”។
ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែមុន Salah បានបង្ហាញបំណងចង់ព្យួរស្បែកជើងនៅ Liverpool។ កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះបានចូលរួមជាមួយហង្សក្រហមក្នុងឆ្នាំ២០១៧ ហើយបានជួយក្រុមឈ្នះពានរង្វាន់ Premier League និង Champions League ៕
ដោយ៖ ភារៈ(រូបភាព ៖MARCA)