ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាននៅអាហ្វហ្គានីស្ថាន រហូតដល់ទៅ៦.៤០០នាក់បាត់បង់ការងារធ្វើក្រោយក្រុមតាលីបង់ឡើងកាន់អំណាច

ចែករំលែក៖

អន្តរជាតិ៖ សរុបមានស្ថាប័នសារព័ត៌មានចំនួន២៣១ស្ថាប័ននៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានបិទទ្វារ ធ្វើឱ្យអ្នកសារព័ត៌មានសរុបជាង៦.៤០០នាក់ ក្នុងនោះមានស្ត្រីដល់ទៅ៨៤% បាត់បង់ការងារធ្វើចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅខែសីហាឆ្នាំ ២០២១មក។
តាមការលើកឡើងរបស់សមាគមអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន បានឱ្យដឹងថា មានបណ្តាញព័ត៌មាន៤៣%នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានផ្អាកដំណើរការ ធ្វើឱ្យអ្នកសារព័ត៌មានប្រមាណ៦០% បាត់បង់ការងារធ្វើ។
គិតត្រឹមចុងខែវិច្ឆិកា មានប្រព័ន្ធផ្សព្វផ្សាយតែ ៣១២បុណ្ណោះនៅដំណើរការ ដោយនៅពេលមុនក្រុមតាលីបង់ឡើងគ្រប់គ្រងមានរហូតដល់ទៅ៥៤៣ស្ថាប័ន។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានអ្នកសារព័ត៌មានចំនួន ៤.៣៦០នាក់កំពុងបន្តអាជីពជាអ្នកសារព័ត៌មានរបស់ខ្លួន។ ចំណែកនៅមុនពេលតាលីបង់គ្រប់គ្រង មានអ្នកសារព័ត៌មានសរុប១០,៧៩០នាក់។ ចំពោះស្ត្រីវិញមានដល់ទៅ៨៤%នៅក្នុងវិស័យព័ត៌មានត្រូវបាត់បង់ការងារធ្វើ ។ បរិយាកាសសារព័ត៌មាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានជួបផលលំបាកយ៉ាងខ្លាំង ដោយត្រូវតែអនុវត្តទៅតាមច្បាប់១១ខ ដែលក្រុមតាលីបង់បានដាក់ចេញ៕

ដោយ៖ធីរីណា(រូបថត៖Omar Sobhani / Reuters)


ចែករំលែក៖