ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើរ៤៥០០ជើងត្រូវលុបចោលក្នុងថ្ងៃបុណ្យគ្រឹស្តស្មាស់ ដោយបារម្ភពីការឆ្លងអូមីក្រុង

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកបានលុបជើងហោះហើររហូតដល់ទៅ៤៥០០ជើងនៅចុងសប្តាហ៍នេះ គឺចំថ្ងៃបុណ្យគ្រឹស្តស្មាស់ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។
គ្រាន់តែនៅថ្ងៃទី២៤ខែធ្នូ មានជើងហោះហើររហូតដល់ទៅ២៤០១ ជើងត្រូវលុបចោល។ ថ្ងៃនេះជារៀងរាល់ឆ្នាំគឺមានជើងហោះហើររហូតដល់១ម៉ឺនជើងក្នុងមួយថ្ងៃ ។ ប៉ុន្តែពេលនេះត្រូវលុបចោលពាក់កណ្តាលដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុង។ ចំណែកនៅអាមេរិកវិញ ក៏បានលុបជើងហោះហើររហូតដល់ទៅ ១/៤ក្នុងតាំងពីចុងសប្តាហ៍កន្លងមក។
ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក គឺក្រុមហ៊ុន United AirlinesនិងDelta AirLines បានលុបជើងហោះហើររាប់រយជើងនៅថ្ងៃទី ២៤ខែធ្នូ។
ករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងបានកើនឡើងខ្ពស់នៅអាមេរិក ដោយក្នុងចំណោមអ្នកឆ្លងមាន ៣/៤នៃចំនួនអ្នកឆ្លងនៅអាមេរិក។ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៧,៨៥៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥២,៩៨៦,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣៧,៦៧១នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៩៩លាននាក់។
នៅក្នុងប្រទេសអង់គ្លេសក៏មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ដល់ទៅសែននាក់ក្នុងមួយថ្ងៃផងដែរ ។ ចំណែកនៅក្នុងប្រទេសបារាំងវិញ នៅយប់ថ្ងៃទី២៤ខែធ្នូ បានរកឃើញករណីឆ្លងដល់ទៅជាង ៩៤ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោង ៕

ដោយ៖ធីរីណា(ប្រភពរូប៖ Reuters)


ចែករំលែក៖