ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាឲ្យ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការចុះស្រាវជ្រាវ និងបង្រ្កាបករណីចោរលួចម៉ូតូមួយករណី។ ជាក់ស្ដែងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបានធ្វើការឃាត់ខ្លួនសង្ស័យលួចម៉ូតូ និងបក្ខពួកចំនួន៣នាក់ជាបន្តបន្ទាប់ ក្នុងនោះដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿងផងដែរ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅល្ងាចថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះថា កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ មានជនសង្ស័យចំនួន៣នាក់ប្រើប្រាសើមធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿង បាននាំគ្នាជិះទៅធ្វើសកម្មភាព លួចម៉ូតូប្រជាកសិករកំពុងចតនៅលើភ្លឺស្រែភ្លេចដកកូនសោចេញ ដោយរវល់តែបាចជីស្រូវក្នុងស្រែ ស្ថិតនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពេលនោះជនសង្ស័យ(ចោរ)ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានចូលធ្វើសកម្មភាពលួចម៉ូតូប្រជាកសិករជិះគេចខ្លួន តែភ្លាមនោះជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ច ទើបស្ទាក់ចាប់បានម្នាក់រួមទាំងវត្ថុតាងម៉ូតូ១គ្រឿង នៅចំណុចមុខវត្តទន្សាយអើត ស្ថិតនៅភូមិក្រសាំងគ្រួ ស្រុកបាកាន។ ចំណែកបក្ខពួកចំនួន២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយដកហូតវត្ថុតាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 2013 សមត្ថកិច្ចបានប្រគល់ម៉ូតូនេះជូនឈ្មោះ ចក់ សំអូន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាម្ចាស់ម៉ូតូ វិញ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងស្ទាក់ចាប់ខ្លួនបានរួមទាំងវត្ថុតាងម៉ូតូ១គ្រឿងក្នុងថ្ងៃដំបូងមាន ឈ្មោះ អឿន ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។ លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ខែឆ្នាំដដែលនេះ កម្លាំងបានធ្វើការស្រាវជ្រាវតាមរយៈជនសង្ស័យត្រូវឃាត់ខ្លួនខាងលើចង្អុលបង្ហាញបានឃាត់ខ្លួនបក្ខពួកជាប់ពាក់ព័ន្ធចំនួន២នាក់បន្តទៀត គឺទី-១ ឈ្មោះ ព្រឺង សម្បត្តិ ហៅឃុត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ផ្សារដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ និងទី-២ ឈ្មោះ ណុប សុខចាន់ ហៅពយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកឃ្មុំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក អធិការរងបញ្ជាក់បន្ថែមទៀតថា លោកនឹងបន្តដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្រ្កាបយ៉ាងមមាញឹកជាបន្តទៀត ខណៈនៅមានតម្រុយពីសកម្មភាពសំបុកជនសង្ស័យចោរលួច ចោរកាច់សោ.កម៉ូតូ នៅឡើយ៕
ដោយ៖ បុឹម ពិន