ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលនៅទូទាំងប្រទេសមានសិស្សានុសិស្សដែលត្រូវប្រឡងសរុបចំនួនជាង ១១ម៉ឺននាក់ ។
ដោយឡែក នៅក្នងមូលដ្ឋានខណ្ឌចំការមន មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ០៣មណ្ឌល រួមមាន៖ មណ្ឌលវិទ្យាល័យទួលទំពូង, មណ្ឌលវិទ្យាល័យបឹងត្របែក និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ខណៈលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យការការពារនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង ០៣មណ្ឌល នៅក្នងមូលដ្ឋានខណ្ឌចំការមននេះ ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺ ថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងឱកាសចុះពិនិត្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ លោក ថេង សុថុល បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនាពេលនេះ។
លោកអភិបាលខណ្ឌ ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ជាពិសេស ទទួលបាននិទ្ទេសល្អ ដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យថែមទៀត។
សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ បន្ទប់ប្រឡងចំនួន ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុង១បន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ដោយឡែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ បែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ ។
បើតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន ៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ២០៧៥៤នាក់ ៕
ដោយ៖ជីណា