ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយចាស់ជរាគ្មានទីពឹងនៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងថា​ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៧៨ ឧបត្ថម្ភដោយលោកស្រី ធា ពេជ្រចិន្ដា និងលោក ហេង ហួង ជាស្វាមី តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ផ្ទះនេះត្រូវបានធ្វើពិធីប្រគល់ជូនលោកយាយ ហ៊ិន វិន អាយុ៧៣ឆ្នាំ (ជរាទុរគត) គ្មានកូនចៅ នៅភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងបានការអញ្ជីញរួមរួមពី លោកជំទាវគណៈកិត្តិយសាខា លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខា និង អាជ្ញាធរមូលដ្ឋានផង នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។ ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤ម៉ែត្រ។

មានប្រសាសន៍ជាមួយលោកតា លោកយាយ អ៊ំពូមីង ក្នុងឱកាសនេះលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ផ្ទះមនុស្សធម៌នេះប្រគល់ជូនលោកយាយ ហ៊ិន វិន  ចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ បន្ថែមពីនេះ​លោកស្រី​ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ មួយវិញទៀតចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ។ 

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖  មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ខ្នើយ២ អាវយឺត២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៧ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី ៧៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

ដោយ​៖សហការី​


ចែករំលែក៖