ព័ត៌មានទាន់ហេតុការណ៍៖

ព្រិលធ្លាក់យ៉ាងក្រាស់នៅអាមេរិក និងជប៉ុន គ្រួសារជាច្រើនគ្មានអគ្គិសនីប្រើប្រាស់

ចែករំលែក៖

អន្តរជាតិ ៖ គ្រួសារជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ឡើយនៅថ្ងៃទី២៦ខែធ្នូ(ពេលវេលានៅអាមេរិក) ក្រោយពីមានព្យុះវាយប្រហារចូលដីគោកតំបន់ភាគពាយព្យប៉ាស៊ីហ្វិក បង្កឱ្យមានព្រិលធ្លាក់យ៉ាងក្រាស់នៅតំបន់ភ្នំ Sierra និងផ្លូវថ្នល់នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាត្រូវកកស្ទះ។
ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក(National Weather Service – NWS) បានប្រកាសអាសន្នពីព្យុះរដូវរងានៅតំបន់ Tahoe ជាប់ព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា និង ណេវ៉ាដាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែធ្នូ ។ មានការដាច់អគ្គិសនីទ្រង់ទ្រាយធំក្នុងតំបន់។ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា មានជាង១៤ពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកនៅទីក្រុង អូរ៉ែនហ្គន់វិញក៏មានពលរដ្ឋជាង១ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ដែរ។
ចំណែកនៅក្នុងប្រទេសជប៉ុនវិញព្រិលធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន ឈានមកដល់ថ្ងៃទី២៧ខែធ្នូ។ ប្រជាជនជាង ៣,២០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ឡើយ ខណៈដែលក្រុមមន្ត្រីបានព្រមានថា នឹងមានព្រិលធ្លាក់ខ្លាំងបន្ថែមទៀតពេញមួយយប់តែម្តង។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បាននិយាយថា មិនទាន់មានអ្នករងរបួស ឬស្លាប់ ដោយសារអាកាសធាតុត្រជាក់នៅឡើយទេ។
លោក Hirokazu Matsuno បានបញ្ជាក់បន្ថែមទៀតថា «រដូវរងា កំពុងបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតាមបណ្តោយឆ្នេរសមុទ្រ នៃប្រទេសជប៉ុនពីតំបន់ភាគខាងជើងទៅភាគខាងលិច ជាមួយនឹងតំបន់មួយចំនួនទៀត។ បរិមាណព្រិលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅថ្ងៃអង្គារស្អែកនេះ… ដូច្នេះគ្រប់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នបំផុត»។
ការកកស្ទះចរាចរណ៍ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមនៅពេលដែលរថយន្តដឹកទំនិញ បានរអិលពេញផ្លូវនៅជិតទីក្រុង ហ៊ីកូណិ (Hikone) ជាកន្លែងដែលមានព្រិលធ្លាក់ក្នុងកម្រាស់ ៦៨សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកនេះ។
បន្ថែមពីខាងលើនេះ អ្នកដំណើរជិត ២០០នាក់បានជាប់គាំងពេញមួយយប់នៅលើខ្សែរថភ្លើងក្នុងស្រុក ខណៈជើងហោះហើរក្នុងស្រុកប្រហែល១៣០ជើងក៏ត្រូវបានលុបចោលផងដែរកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយសារតែព្រិលធ្លាក់ខ្លាំង និងជើងហោះហើរប្រហែល៥០ជើងទៀតត្រូវបានលុបចោលនៅក្នុងថ្ងៃចន្ទនេះ៕ ដោយ៖ធីរីណា

រូបថត៖Getty Images

រូបថត៖Kyodo/TTXVN


ចែករំលែក៖