ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានសម្រេចតែជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះម្នាក់បានសម្រេចតែលទ្ធផលចុងក្រោយជាប់ខ្នោះសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ត្រង់ចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍ខាងលើនេះបង្កឡើងដោយជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខព្រៃវែង1Q.0159 ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យទាំងពីរខាងលើឈ្មោះ ឆយ ដាវ៉ាន់ ហៅឆែប ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពតជាអ្នកឌុប និងអ្នកជិះពីក្រោយឈ្មោះ សុខ ពុធ ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

ដោយជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអូប៉ូ(oppo)របស់ជនរងគ្រោះឈ្មោះចាន់ រីណា ភេទស្រីអាយុ៣៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានបន្តទៀតថាក្រោយធ្វើសកម្មភាពឆក់ជនសង្ស័យជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ឆ្ពោះទៅទិសខាងជើង ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីនិងកម្លាំងកងរាជអាវុធហត្ថស្រុកសហការដេញតាមពីក្រោយជនសង្ស័យបានជិះម៉ូតូឡើងទៅរមណីយដ្ឋានតំបន់ទេសចរណ៍ភ្នំតាម៉ៅទើបធ្វើការឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនបណ្តោះអសសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖