ខេត្តកោះកុង៖ បេីយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ននេះពួកគាត់បាននាំគ្នាផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿង ប៊ុនហេង បានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ មិនយកច្បាប់ជាធំ និងបានប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។
ជាក់ស្ដែងយោងតាមលិខិតស្នេីសុំផ្លាស់ប្តូរស្មៀនឃុំព្រែកខ្សាច់ខាងលេីនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសម្ដេចក្រឡាហោមថា៖ ចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពមក ពួកគាត់បានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជាបន្តបន្ទាប់ បានរស់នៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាពល្អ រីករាយ ហើយតែងតែគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមានការបោះឆ្នោតឃុំសង្កាត់ ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាង គឺក្រុមប្រឹក្សាឃុំព្រែកខ្សាច់នេះ។
ប្រជាពលរដ្ឋបានរៀបរាប់យ៉ាងដូច្នេះថា៖ លោក ហឿង ប៊ុនហេង ជាមន្ត្រីស្មៀន មិនយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន ហើយនៅពេលពលរដ្ឋស្នើលិខិតបញ្ជាក់ទទួលស្គាល់ដីធ្លី លោកមេឃុំចុះហត្ថលេខាហើយ ប៉ុន្តែលោក ហឿង ប៊ុនហេង បែរជាមិនប្រថាប់ត្រាដោយឆ្លើយថាជាន់ដីមេ ឬថាដីទាំងនេះមានម្ចាស់ ខណៈពលរដ្ឋកាន់កាប់ជាក់ស្ដែង។ មិនតែប៉ុណ្ណោះ លោកហឿង ប៊ុនហេង បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនធ្វើការលក់ប្រេងខុសច្បាប់ ហើយក្នុងពេលមូលដ្ឋាននៃភូមិយាយសែន ឃុំព្រែកខ្សាច់ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រីកចម្រើនស្ទើរគ្រប់វិស័យនិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត តែលោកបែរជាបានប្រព្រឹត្តអំពើខុសច្បាប់ជុំវិញការចាក់ដីលុបព្រែក ដែលជាតំបន់សំបូរទៅដោយជីវៈចម្រុះ។
ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោក ហឿង ប៊ុនហេង មិនបានស្ដាប់ការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការផ្តល់សេវាសាធារណៈនោះទេ។ ខណៈដែលប្រជាពលរដ្ឋស្នើធ្វើសំបុត្រកំណើតកូន ឬលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ។
ដោយឡែកជុំវិញករណីនេះដែរ នៅរសៀលថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពគេហទំព័រនគរដ្រេហ្គនមិនអាចសុំទំនាក់ទំនងពីលោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់បានទេ ខណៈទូរស័ព្ទនៅក្រៅតំបន់សេវា៕
ដោយ៖ស តារា