ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកធ្វើអត្តឃាតនៅលើផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យសព។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើឈ្មោះវ៉ា សុវណ្ណមិនា អាយុ៣១ឆ្នាំ មុខរបរ បើកបរ មានម្ដាយឈ្មោះ ធន់ សុីយឿន អាយុ៥៦ឆ្នាំ មុនរបរធ្វើការនៅមន្ទីរវប្បធម៌ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសព ហើយបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយចងកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើបានប្រើប្រាស់គ្រឿងញៀនរហូតដល់វង្វេងស្មារតី ខណៈដែលម្ដាយហាមឃាត់ដែរ ប៉ុន្តែគេមិនស្ដាប់ ទើបនៅថ្ងៃកើតហេតុទំនងជាគេប្រើថ្នាំញៀនលើសកម្រិតក៏ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។
សពក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន