ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប៉ាឡេស្ទីនបំពេញទស្សនកិច្ចទៅកាន់អុីស្រាអែល ជាសកម្មភាពដ៏កម្រ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៨ ខែធ្នូ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Benny Gantz ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសអុីស្រាអែល ដើម្បីពិភាក្សាស្តីពីសន្តិសុខ ស៊ីវិល។
នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារជាតិអុីស្រាអែលបានជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន ស្តីពីគោលបំណង«បង្កើនសកម្មភាពក្នុងគោលដៅពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក លើវិស័យសេដ្ឋកិច្ច និង ស៊ីវិល ដូចដែលបានព្រមព្រៀង នៅក្នុងជំនួបនាពេលកន្លងមក ។
ប្រភពព័ត៌មានពីប្រទេសអុីស្រាអែលបានឱ្យដឹងថា ជំនួបពិភាក្សាធ្វើឡើងនៅក្នុងភូមិគ្រឹះផ្ទាល់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិលោក Benny Gantz ស្ថិតនៅតំបន់ Rosh HaAyin ភាគកណ្តាលនៃប្រទេសអុីស្រាអែល។
កាលពីខែសីហាកន្លងមក លោក Benny Gantz ក៏បានទៅកាន់ការិយាល័យរដ្ឋាភិបាលប៉ាឡេស្ទីន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី Abbas លើបញ្ហាសំខាន់ៗ ក្នុងនោះមានសន្តិសុខស៊ីវិល។
ប៉ុន្តែក្រោយកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett ប្រកាសថា នឹងមិនមានដំណើរការសន្តិភាពណាមួយកើតឡើងជាមួយប៉ាឡេស្ទីននោះឡើយ ហើយក៏គ្មានដំណើរការបែបនោះដែរ៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖