ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម០៤នាក់ត្រូវសត្វខ្លាឃ្មុំខាំហែកប៉ុនប៉ងផ្ដាច់ជីវិត តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយគ្នីគ្នាប៉ុន្មាននាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២១ស្ថិតនៅក្នុងព្រៃចំណុចក្បាលអូរមួយកន្លែង ក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខណៈមនុស្សមួយចំនួនទៀតបានរត់រួចទាំងព្រលឹងចុងសក់ ។
លោក ម៉ែន រីម អធិការស្រុកសំឡូតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ សុភា ភេទប្រុស អាយុ២៤ឆ្នាំហើយជនរងគ្រោះត្រូវសត្វខ្លាឃ្មុំខាំបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល ដៃ និងជើង។ រីឯ៣នាក់ទៀត ឈ្មោះសោម សុិន ឈ្មោះសំ ដា និង ឈ្មោះសំ ដឿន បាននាំគ្នារត់រួចពីកណ្ដាប់ដៃខ្លាឃ្មុំ។
លោកអធិការស្រុកសំឡូតមិនទាន់បានប្រាប់ឲ្យជាក់លាក់អំពីមូលហេតុ ដែលនាំឲ្យសត្វខ្លាឃ្មុំវាយប្រហារប្រជាពលរដ្ឋខាងលើនេះទេ ព្រោះមិនទាន់បានសួរនាំជនរងគ្រោះឲ្យច្បាស់លាស់ ។
លោកគ្រាន់តែបន្ថែមថា «បើតាមព័ត៌មានបឋមដែលខ្ញុំទទួលបាន គឺប្រហែលពួកគេទៅកាប់ព្រៃនៅតំបន់នោះ ទើបប្រទះនឹងសត្វខ្លាឃ្មុំកាចសាហាវដេញខាំបណ្ដាលឲ្យរបួសស្ទើរស្លាប់ស្ទើររស់បែបនេះ។ ប៉ុន្តែពាក់ព័ន្ធនឹងព្រឹត្តការណ៍សត្វខ្លាឃ្មុំវាយប្រហារមនុស្សខាងលើនេះ បើតាមប្រភពពីមន្រ្តីមូលដ្ឋាន និងពលរដ្ឋមួយចំនួនបានទម្លាយឲ្យដឹងថា កន្លងមកក៏ធ្លាប់មានរឿងសត្វខ្លាឃ្មុំដេញខាំមនុស្សបែបនេះដែរនៅតំបន់នោះ។
ប្រភពបានឱ្យដឹងថា អ្នកធ្លាប់រងគ្រោះដោយសត្វខ្លាឃ្មុំបែបនេះ តែងជាក្រុមដែលចូលព្រៃ ឬ ឡើងភ្នំកាប់ឈើ ឬ ដើរប្រម៉ាញ់សត្វព្រៃ។
ចំពោះជនរងគ្រោះខាងលើនេះ និងបក្សពួកអាចជាអ្នកកាប់ឈើ ឬកាប់រុករានទន្រ្ទានដីព្រៃ ទើបត្រូវបានសត្វសាហាវដេញខាំរហូតរងរបួសធ្ងន់បែបនេះ។
ប្រភពបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកសំឡូត មួយចំនួនដែលមានជីវភាពខ្វះខាត គ្មានមុខរបរ ឬជាទម្លាប់ពួកគេតែងបបួលគ្នាចូលព្រៃកាប់ឈើ ឬដើររកសត្វព្រៃនៅតំបន់ភ្នំ ឬ នៅតាមព្រំដែនខ្មែរ-ថៃហើយ ពេលខ្លះពួកគេប្រឈមនឹងសត្វសាហាវវាយប្រហារដូចករណីខាងលើនេះ ឬ ដើរជាន់គ្រាប់មីនកប់ក្នុងដី ដែលសេសសល់ពីសម័យសង្រ្គាមក៏មាន រហូតមានគ្រោះថ្នាក់ស្លាប់និងរបួសជាញឹកញាប់ ។
ប៉ុន្តែយ៉ាងណាក្ដី ជុំវិញករណីនេះ លោកម៉ែន រីម អធិការស្រុកសំឡូតបានបញ្ជាក់ថា មន្រ្តីមូលដ្ឋាននៅមិនទាន់បានសួរបញ្ជាក់អំពីរឿងរ៉ាវដែលបានកើតឡើងនេះទេ ព្រោះតំបន់កើតហេតុនៅឆ្ងាយទម្រាំបានដឹងដល់អាជ្ញាធរ ម្យ៉ាងរវល់ដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាពដើម្បីសង្រ្គោះផង ទើបសមត្ថកិច្ចមិនទាន់ទទួលបានព័ត៌មានលំអិត ៕
ដោយ៖ អរុណរះ