ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃពុធទី២៩ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ បានបញ្ចប់ទៅដោយរលូន មានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលបានជោគជ័យគួរជាទីកត់សម្គាល់ស្របតាមគោលកាណ៍សុវត្ថិភាពសុខភាព។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ខ្ញុំពិតជាមានមោទកភាពចំពោះភាពជោគជ័យនេះ ហើយក៏ពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្ត្រី គណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡាគ្រប់ជាន់ថ្នាក់ រួមជាមួយការចូលរួមសម្របសម្រួលពីសំណាក់ភ្នាក់ងារសុខាភិបាល មន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនានា”។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ក៏សូមសម្តែងនូវការថ្លែងអំណរគុណ និងកោតសរសើរបន្ថែម ជាពិសេសដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាចូលរួមសម្របសម្រួលក្នុងដំណើរការប្រឡង ប្រកបដោយមនសិការការងារ ភាពទទួលខុសត្រូវខ្ពស់ ភាពច្នៃប្រឌិត និងភាពបត់បែនក្នុងការងារ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ជាមួយភាពជោគជ័យ និងមោទកភាពទាំងអស់នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងឈានឆ្ពោះទៅមុខកាន់តែស្វាហាប់ និងប្រកបដោយភាពជឿជាក់ឆ្ពោះទៅអនាគតកម្ពុជា មួយដែលមានសក្តានុពលនៃធនធានមនុស្សឆ្នើមក្នុងភាពជាខ្មែរ និងប្រកបដោយធម៌ ដែលចេញពីការផ្តល់ជាអាទិភាពលើវិស័យអប់រំនេះ៕ដោយ៖ស តារា
រូបភាព៖ ស.ស.យ.ក. រាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡា