ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជានិងចិន សហការស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន១ក្រុម ចាប់ខ្លួនជនសង្ស័យ ៩នាក់ និងរឹបអូសគ្រឿងញៀនជិត៣៥០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធម្មតាទេ គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់បើសិនមិនមានការបង្ក្រាបនោះទេមិនដឹងថាប្រជាពលរដ្ធខ្មែរប៉ុន្មាននាក់ទេដែលរងគ្រោះដោយសារគ្រឿងញៀននេះ។ ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោក វរសេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១)  ដោយមានការចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ  និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវនិងមានកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន ពេលទទួលបានព័ត៌មានពីជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ។ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនៅឯប្រទេសចិនផងដែរ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើនៅ២គោលដៅផ្សេងគ្នា គឺ(នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិងនៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ :  

  ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេខ្លោង)។

 ២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣ 

 ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩ 

 ៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០ 

 ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។

 ៦-ឈ្មោះ CHEN ZHI QUAN  ភេទប្រុស កើតឆ្នាំ១៩៥៥ 

 ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០ 

 ៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២ 

 ៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២  ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖

 -គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបមានទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក៣៦៧ដើម និង៦១កញ្ចប់ធំ)។          – ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន និងចាប់យកទ្រព្យសម្បត្តិមានដូចជា៖

 ១-រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាកលេខ ភ្នំពេញ 2BE-2973

 ២-ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-5946

  ៣-ទូរស័ព្ទដៃ ចំនួន១០គ្រឿង 

  ៤-ប្រាក់ ៣០០ ដុល្លារអាមេរិក។ 

សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀនបម្រុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣” ។

   បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖