ថៃ៖ តាមសំណើរបស់ក្រសួងសុខាភិបាលថៃ បានស្នើឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះក្រោយការឈប់សម្រាកឆ្នាំថ្មី២០២២ ។ ចំណែកសាលារៀនវិញគឺរៀនតាមអនឡាញជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ អូមីក្រុង។
ក្រសួងសុខាភិបាលថៃ បានប្រកាសពីគម្រោងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។ ក្នុងនោះរដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ លោក Sathit Pitutecha បានឱ្យដឹងថា បើទោះបីករណីឆ្លងអូមីក្រុងមិនមានអាការៈធ្ងន់ធ្ងរក្តី តែត្រូវប្រុងប្រយ័ត្នជានិច្ច ទប់ស្កាត់ការឆ្លង ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការបើកទ្វារប្រទេសជាតិ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ថៃបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងសរុបមានរហូតដល់ទៅ៧៣៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅ៤៨៨នាក់ និងឆ្លងក្នុងសហគមន៍២៥១នាក់។
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៥៣៥ករណី ត្រូវបានរកឃើញលើប្រជាជនទូទៅ ខណៈ ៤០ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន១៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២១៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៦៤៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៦២,១៣៨នាក់៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖TTXVN