ព័ត៌មានទាន់ហេតុការណ៍៖

អង្ករ១៤០តោន ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនខណ្ឌទាំង១៤ បន្តចែកជូនពលរដ្ឋជួបការខ្វះខាត

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាអង្ករចំនួន១៤០តោន ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីយកទៅបន្តចែកជូនទៅខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែកជូនបន្តទៅឱ្យប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

ពិធីប្រគល់ និងទទួលអង្គរខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅកំពុងផែស្ងួត ទ្រី ភាព ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុងខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក ផាន់ ចាន់ធុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យលោក ឃួង ស្រេង។

លោក ផាន់ ចាន់ធុល បានឲ្យដឹងថា៖ «អង្ករដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀង ស្រីនាង ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់ចែងបន្ត»។

ក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានថ្លែងថា «អង្ករដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១៤០តោននេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តទៅឱ្យ អាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន ១០តោន ដើម្បីឱ្យអាជ្ញាធរខណ្ឌមានលទ្ធភាពបន្តយកទៅចែកប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត»។

លោក មាន ចាន់យ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ជូនទៅប្រជាពលរដ្ឋទីទ័លក្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ជូននូវអំណោយជាអង្កររហូតដល់ ១៤០តោន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ នៅក្នុងរាជធានីភ្នំពេញបន្តទៀត៕

ដោយ​៖ស​ តារា​


ចែករំលែក៖