ក្រុម Manchester United កំពុងសម្លឹងរកជ័យជម្នះដើម្បីប្រជែងតំណែង Top 4 ក្នុងការប្រកួតនៅ Premier League ដែលមិនធ្លាប់ចាញ់៥ប្រកួតនឹងត្រូវប៉ះក្រុម Burnley ដែលមិនឈ្នះក្នុងរយៈពេល៥ប្រកួតជាប់គ្នានៅក្នុងទឹកដី Old Trafford នៅវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ។
ក្រុមម្ចាស់ផ្ទះ Manchester United ឈរនៅលេខរៀងទី៧ មាន២៨ពិន្ទុ ឆ្លងកាត់១៧ប្រកួត។ Manchester United បានលេងស្មើ ១-១ ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន St. James’ Park ទល់នឹង Newcastle United ដែលបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៥ប្រកួតគឺឈ្នះ៣ និងស្មើ២។
ក្រុម Burnley បានស្មើ ០-០ ទល់នឹង West Ham United នៅកីឡដ្ឋានTurf Moor ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេដើម្បីបន្តការមិនឈ្នះដល់ទៅ៥ប្រកួត (ស្មើ៤ និងចាញ់១) ដោយទុកឱ្យក្រុមនេះឈរនៅលេខរៀងទី១៨មាន១១ពិន្ទុ។
នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួត Premier League ក្រុម Manchester United បានយកឈ្នះ ៣-១ នៅ Old Trafford កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធ Mason Greenwood បានរកគ្រាប់បាល់នាំមុខឲ្យ Man United នៅនាទី៤៨ និងនាទីទី៨៤ និងEdinson Cavani រកបាន១គ្រាប់ដែរ។ ចំណែកកីឡាករ James Tarkowski រកបាន១គ្រាប់នៅនាទីទី៥០ ឱ្យក្រុម Burnley។
សម្រាប់ក្រុម Manchester United ក្នុងរដូវកាលនេះ មានខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករសំខាន់។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងចំណោមគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ជាគ្រាប់បាល់សំខាន់ដំបូងក្នុងការប្រកួត។ ចំណែកក្រុម Burnley មានកីឡាករសំខាន់គឺ Maxwel Cornet ដែលបានស៊ុតបញ្ចូលទីបាន៥គ្រាប់។
ម្ចាស់ផ្ទះ Manchester United ឈ្នះ៤ ស្មើ១ និងចាញ់៣នៅរដូវកាលនេះក្នុងការប្រកួត Premier League ៨ដងក្នុងទឹកដី។ ចំណែកក្រុម Burnleyនឹងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះក្នុងការប្រកួតក្រៅដី ខណៈដែលពួកគេចាញ់៤ដង និងស្មើ៤ក្រៅផ្ទះ។ បច្ចុប្បន្ននេះក្រុម Burnley បានប្រកួតក្រៅដី៩ប្រកួតដែលមិនទាន់ឈ្នះទាល់តែសោះគឺស្មើ៤និងចាញ់៥។ ប្រកួតលើកចុងក្រោយឈ្នះក្រៅដីគឺថ្ងៃទី១០ ខែឧសភា ទល់នឹងក្រុម Fulham ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់ក្រុម Manchester United គឺឈ្នះ៣ ស្មើ២ និងចាញ់១។ ដោយឡែកក្រុម Burnley បានឈ្នះ១ ស្មើ៤ និងចាញ់១ក្នុង៦ចុងក្រោយដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)