ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជួររាស់ដីប្រទះឃើញគ្រាប់មីនសល់ពីសម័យសង្គ្រាមព្រលឹងចុងសក់ តែសំណាងណាស់ដែលវាមិនផ្ទុះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រាប់​មីន«​ស្គរ​» ចំនួន​០២​គ្រាប់បាន​ប៉ើង​ចេញពី​ក្នុង​ដីចម្ការ ខណៈ​ដែលប្រជាពលរដ្ឋកំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី តែសំណាងល្អដែរដែលវាមិនផ្ទុះបណ្តាលឲ្យមានគ្រោះថ្នាក់។

  ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌកប់ក្នុងដីខាងលើនេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀលថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ដំបង ស្ថិត​ក្នុងភូមិ​អូរ​ធំ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ដែល​ធ្វើ​ឱ្យ​អ្នក​បើក​ត្រាក់ទ័រ និង​ម្ចាស់​ចម្ការ​ភ័យ​ព្រលឹង​ចុង​សក់​។

  បើ​តាម​សម្តីនាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ភ្នំព្រឹក លោក អៀ​ប ម៉ៅ បាន​ឱ្យដឹង​ថា ម្ចាស់​ចម្ការ​ខាងលើ​មានឈ្មោះ សុខ នី​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ​នៅ​ក្នុង​ដីចម្ការ​របស់​គាត់ ខណៈ​ដែលគាត់កំពុង​ឱ្យគេបើកត្រាក់ទ័រ​ភ្ជួរដី។ ភ្លាម​ៗ​នោះ គាត់​បាន​រាយការណ៍​ទៅ​លោក​មេ​ភូមិ ហើយ​លោក​មេ​ភូមិ​ក៏​បាន​ផ្ដល់​ព័ត៌មាន​នេះ​បន្ត​មក​រូប​លោក ដើម្បី​ជួយ​ពិនិត្យ និង​មាន​ចំណាត់ការ​បន្ត​ទៀត។ 

  បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គ្រាប់នោះវា​ជា​ប្រភេទ​គ្រាប់​មីន «​ស្គរ​» ដែល​មាន​សញ្ញា​លេខបូក ហើយ​នៅ​មានគុណ​ភាពល្អ​អាចផ្ទុះបានគ្រប់ពេលវេលាប្រសិនជាយើងប្រហែស។

  ម្ចាស់​ចម្ការ​ខាងលើ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ដែរថា គ្រាប់​មីន​នោះបាន​ផុស​ឡើង​នៅ​ពេល​គាត់​ឱ្យគេភ្ជួរ​ដោយត្រាក់ទ័រ តែ​ជា​ដី​ដែល​គាត់​បាន​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ​មកហើយ។ 

គាត់​និយាយ​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​តែងតែ​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ តែ​មិន​ធ្លាប់​ប្រទះ​ឃើញ​គ្រាប់​មីន​បែប​នេះ​ទេ លុះ​នៅ​ឆ្នាំ​នេះ​ស្រាប់តែ​ភ្ជួរ​ចេញ​គ្រាប់​មីន​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។

  ចំណែក​លោក អៀ​ប ម៉ៅ មេ​ប៉ុស្ដិ៍​ភ្នំព្រឹក ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រវត្តិ​តំបន់​នោះ គឺជា​អតីត​សមរភូមិ​សង្គ្រាម​ដ៏​ក្ដៅ​គគុក​កាលពី​អំឡុង​ចន្លោះ​ទស​វត្ស​ឆ្នាំ​៨០ និង​៩០ ដូច្នេះ​ហើយ​ទើប​មាន​គ្រាប់​មីន​នៅ​សេសសល់​ក្នុង​ដី​បែប​នេះ​។

ប៉ុន្តែ​ទោះបីយ៉ាងណា លោក​មេ​ប៉ុស្ដិ៍​រូប​នេះ​បាន​ប្រាប់​ថា លោក​បាន​រាយការណ៍​ជូន​ទៅ​អង្គភាព​កម្ចាត់​មីន ស៊ី​ម៉ាក់​ហើយ​។ 

ពេល​នេះ​មន្ត្រី​របស់​លោក និង​លោក​មេ​ភូមិ បាន​ប្រើ​ខ្សែ​ចងហ៊ុម​ព័ទ្ធ ដើម្បី​រង់ចាំ​មន្ត្រី​ស៊ី​ម៉ាក់ចុះ​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​៣១ ខែខែធ្នូតែម្តង៕

ដោយ៖ អរុណរះ


ចែករំលែក៖