ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងករណីរំលោភលើអនីតិជន

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ តាមសេចក្តីរាយការណ៍បានឲ្យដឹង ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល លោកហេង ផល្លាបានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដាក់ពន្ធនាគារ បណ្តោះ អាសន្ន ពីបទ «​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥ ឆ្នាំ​» តាម​មាត្រា ៤២ នៃ​ច្បាប់​ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។

ការសម្រេចចិត្តឃុំខ្លួនយុវជនរូបនេះបានធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​។​

​គួររម្លឹកថា សកម្មភាព​ចាប់រំលោភ​ក្មេងស្រី អាយុ​ក្រោម ១៥ ឆ្នាំ​រូបនេះ ប្រព្រឹត្តិ​ឡើង នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ កន្លងមកនេះ ទៅលើ​ជនរងគ្រោះ អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មានមុខរបរ ជា​សិស្ស ។​

សមត្ថកិច្ច បានឱ្យដឹងថាៈ ជន​ត្រូវ​ចោទ​ឈ្មោះ សាម សិទ្ធ ហៅ ទុំ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។​

តាមដំណើររឿងមុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ បានស្រឡាញ់គ្នា ជាង​ពីរ​ខែ​មកហើយ ។ លុះ​មកដល់​វេលា​កើតហេតុ ខាងលើ ជនរងគ្រោះ និង​ជនសង្ស័យ បាន​ត្រូវរ៉ូវ​គ្នា ហើយ​ព្រមព្រៀង​រួមភេទ ជាមួយគ្នា ក្នុង​បន្ទប់​នៃ​ផ្ទះ​ជនរងគ្រោះ នៅពេល ឪពុកម្តាយ មិនបាន​នៅផ្ទះ បានសម្រេច រហូត​ជា​បន្តបន្ទាប់ ចំនួន បីលើក។​ក្រោយមក នៅ​លើក​ទី​៣ ត្រូវ​បែកការណ៍ នៅពេល​ម្តាយមីង​របស់ ជនរងគ្រោះ បានមក​ឃើញ​ទាន់ ដោយ​ឃើញ​អ្នក​ទាំងពីរ កំពុង​ដេក​នៅក្នុង​បន្ទប់ តែ​ពីរ​នាក់ ក្នុង​បន្ទប់​នៃ​ផ្ទះ​ជនរងគ្រោះ រួចហើយ ក៏បាន​ប្រាប់​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ ឱ្យបាន​ដឹង​អំពីរឿងនេះ។

លុះ​មកដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ឪពុកម្តាយ​របស់​ជន​រងគ្រោះ ក៏​បានមក​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ព្រែក​ឫស្សី ឱ្យចុះ​ឃាត់ខ្លួន សួរនាំ​ជនសង្ស័យ​តែម្តង ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថាបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះសមត្ថកិច្ចបាននាំខ្លួនយុវជនរូបនេះមកសួរនាំរួចកសាងសំណុំបែបបទបញ្ជូនបន្តមកថ្នាក់លើ។

ក្រោយពីដល់ដៃថ្នាក់លើនោះបានបញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តរួចត្រូវលោកចៅក្រមសម្រេចឃុំខ្លួនតែម្តង៕

ដោយ៖ អរុណរះ


ចែករំលែក៖