សមាគមកីឡាបាល់ទាត់របស់ប្រទេសកូរ៉េបានប្រកាសកាលពីថ្ងៃពុធថាខ្សែប្រយុទ្ធ Son Heung-min ដែលកំពុងលេងនៅក្រុមមាន់ខ្នាយមាសTottenham Hotspur បានជាប់ជាកីឡាករបាល់ទាត់បុរសប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងសម្រាប់កំណត់ត្រាជាលើកទី៦ជាមួយ និងកីឡាការិនី Ji So-yun ដណ្តើមយកពានរង្វាន់ជាកីឡាករឆ្នើមផ្នែកស្ត្រី។
Son បាននាំមុខការស្ទង់មតិរបស់មន្ត្រី KFA និងអ្នកកាសែតកូរ៉េខាងត្បូង នៅចំពោះមុខកីឡាករលេងឲ្យក្រុម Fenerbahce ដែលជាខ្សែការពារកណ្តាល Kim Min-jae ដើម្បីឈ្នះពានរង្វាន់សម្រាប់ឆ្នាំទី៣ជាប់ៗគ្នា។ គាត់ក៏ធ្លាប់ឈ្នះពាននេះដែរក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧។
កីឡាករ Son Heung-min វ័យ២៩ឆ្នាំបានស៊ុតបញ្ចូលទីបាន២២គ្រាប់ឲ្យក្រុម Tottenham ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល២០២០-២០២១ខណៈដែលគាត់ស៊ុតបាន៤គ្រាប់ក្នុងការប្រកួតជម្រុះ World Cup សម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២១។
ចំណែកកីឡាការិនី Ji So-yun កំពុងលេងឲ្យក្រុម Chelsea បានឈ្នះពានរង្វាន់ស្ត្រីជាលើកទី៦ផងដែរ បន្ទាប់ពីនាងឈ្នះវាក្នុងឆ្នាំ២០១០, ឆ្នាំ២០១១, ឆ្នំ២០១៣, ឆ្នាំ២០១៤ និងឆ្នាំ២០១៩។
កីឡាការិនី Ji So-yun បានជួយក្រុមឈ្នះពាន Women’s Super League, League Cup និង FA Cup កាលពីរដូវកាលមុន ខណៈដែល Chelsea បានបញ្ចប់ការឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៣។ ពួកគេក៏បានបញ្ចប់ចំណាត់ថ្នាក់រងក្នុងការប្រកួត UEFA Women’s Champions League ផងដែរ ៕