ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនទី១- ឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងទី២- ឈ្មោះ ធឿន ចំរើនថៃ ហៅ ថៃ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ ១IY-៦១៤៣ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំនួន ០១គ្រឿង ម៉ាកoppo ពណ៌ ក្រហម ស្រោមពណ៌ខ្មៅ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ម៉ាកoppo ពណ៌ ក្រហម ស្រោមពណ៌ ខ្មៅ និងម៉ាកoppo ពណ៌ ខៀវ។
បច្ចុប្បន្ននៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច