ព័ត៌មានទាន់ហេតុការណ៍៖

ស៊យមែន..!! បេីកម៉ូតូសណ្តោងរុឺម៉កដឹកដែកឡើងទួលមិនរួច រអិលថយក្រោយបុកផ្ទប់រថយន្ត Lexus RX330 រងការខូចខាត​ ត្រូវសងថ្លៃជួសជុលរថយន្តគេ២៤០$បញ្ចប់រឿង

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់​បេីកម៉ូតូសណ្តោងរុឺម៉កដឹកដែកឡើងទួលមិនរួចបានរអិលថយក្រោយវិញទៅបុកផ្ទប់កញ្ចក់រថយន្ត Lexus RX330 មួយគ្រឿង បណ្តាលឱ្យរថយន្តបែកកញ្ចក់ខាងមុខខ្ទេច តែសំណាងល្អមិនធ្វេីឲ្យមនុស្សនៅក្នុងរថយន្តរងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងនៅត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន​ កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរុឺម៉កដឹកដែកបើកបរដោយបុរសម្នាក់រួមដំណើរគ្នាពីរនាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបើកឡើងទួលមិនរួច ធ្វើឱ្យរុឺម៉ករអិលថយក្រោយមកវិញ បុកផ្ទប់កញ្ចក់រថយន្ត Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AP -5579 ដែលធ្វើដំណើរពីរនាក់ប្តីប្រពន្ធមកពីក្រោយ បណ្តាលឱ្យរថយន្តរងការខូចខាតបែកកញ្ចក់ខាងមុខយ៉ាងដំណំ​ តែសំណាដែរមិនបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តរងរបួស​នោះទេ ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនទី២ បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្តោងរុឺម៉កមកដាក់អែបកៀនខាងសិន ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ម៉ូតូសណ្ដោងរុឺម៉កបានយល់ព្រមចេញសងសំណងថ្លៃការខូចខាតទៅខាងភាគីរថយន្ត Lexus RX330 ចំនួន២៤០ដុល្លារ ដើម្បីបញ្ចប់រឿងនៅទីតាំងចំណុចកើតហេតុ​ ៕

ដោយ៖ ភារ៉ា​ ដង្កោ​


ចែករំលែក៖