ភ្នំពេញ៖ កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីតារាចម្រៀងប្រុសមនោសញ្ចេតនា លោក ហេង ពិទូ បានប្រកាសអំពីការចែកផ្លូវគ្នាដើររៀងខ្លួនជាមួយតារាសម្តែងស្រី ថៃ នារីសុជាតា ហៅហ្វីយ៉ាតា និងទទួលស្គាល់កំហុសដែលខ្លួនគឺជាអ្នកក្បត់ នាងលួចទៅទាក់ទងនឹងនារីដទៃ រហូតលោកលើកឡើងពាក្យថាលោកគឺជាអ្នកខុសជាអ្នកក្បត់ និងប្រកាសបញ្ចប់ទំនាក់ទំនងនឹងតារាស្រីរូបនេះតទៅ។ ពេលនេះភាគីខាងស្រី អ្នកនាង ថៃ នារីសុជាតា បានប្រកាសដោយចំហរហើយជុំវិញបញ្ហានេះពិសេសគឺការប្រើប្រាស់ពាក្យចាក់ដោតចំៗទៅកាន់លោក ហេង ពិទូ និងអ្នកទី៣ថែមទៀត។
ទោះជាយ៉ាងណាមុននេះការលើកឡើងនេះត្រូវបានទស្សនិកជនជាច្រើនបានលើកឡើងថាជាការលេងសើច ឬPrankទស្សនិកជន និងសង្ស័យដែរថា អាចជាអត្ថន័យក្នុងបទចម្រៀងណាមួយដែលតារាចម្រៀងរូបនេះ ឬហ្វីយ៉ាតា អាចនឹងចេញក្នុងពេលណាមួយនៅពេលខាងមុខ។ ទោះជាយ៉ាងណាពេលនេះគឺបានដឹងរឿងពិតហើយនៅពីក្រោយការចែកផ្លូវគ្នាដើរទាំងទើបនឹងសាងស្នេហ៍ផ្អែមល្ហែមបានមួយខ្យល់នោះ។ ហ្វីយ៉ាតា បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងមុននេះថា វាគឺជារឿងពិត ហើយនាងក៏គ្មានពេលវេលាណាទៅPrankអ្វីនោះឡើយ។ នាងបានបង្ហោះសារយ៉ាងវែងថា៖ រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ. ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឲ្យដឹងខ្លួនថាកុំយកសេចក្ដីសុខខ្លួនឯងទៅផ្ញើនឹងអ្នកដទៃព្រោះគេមិនបានស្មោះត្រង់ជាមួយយើងគ្រប់ពេលនោះទេ. កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ត្រូវរៀនរស់ដោយខ្លួនឯងរឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹងគេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើងមានអារម្មណ៍ថាស្ដាយក្រោយពេលនរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថាអ្នកស្អាត,ខ្លាំង, ពូកែប៉ុណ្ណាទេមនុស្សបើគេចង់ក្បត់ហើយទោះបីយើងឱ្យគេអង្គុយនៅលើបល្ល័ង្កទៀតក៏គេនៅតែក្បត់ដែរ. គ្មានមនុស្សស្រីណាចង់មានទំនាក់ទំនងស្នេហាច្រើនដងនោះទេប៉ុន្តែឲ្យគេនៅយ៉ាងម៉េចបើមនុស្សប្រុសមួយចំនួនមិនឲ្យតម្លៃនិងតែងតែបំផ្លាញផ្លូវចិត្តរបស់នាង អញ្ចឹងហើយមនុស្សស្រីមានសិទ្ធិដើរចេញនិងជ្រើសរើសអ្វីល្អសម្រាប់ខ្លួនគេដូចគ្នា. មិនមែនរាល់ការបែកគ្នាទាំងអស់ឬឱ្យតែដឹងថាមនុស្សស្រីម្នាក់នោះមានទំនាក់ទំនងស្នេហាច្រើនគឺសុទ្ធតែមនុស្សមិនល្អទេពេលខ្លះនាងវិញទេដែលជួបមនុស្សមិនល្អក៏ថាបាន… ខ្ញុំពិតជាចង់សើចមនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយទៅសង់ទៀមស្រាផឹកជាមួយស្រី. ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរប៉ុន្តែខ្ញុំគិតឡើងវិញថាមកពីខាងប្រុសរបស់យើងទេដែលបើកដៃឲ្យគេចូលមកបាន. ធម្មតាទេបើទ្វារផ្ទះយើងបើកចំហដាក់ផ្លាកថា Welcome ហើយពួកចោរវាប្រាកដជាដើរចូលមកសាកហើយ. បើជ្រុលជាវាលួចបានរបស់ពីក្នុងផ្ទះទៅហើយយកទៅអោយឆ្ងាយចុះ ខ្ញុំមិនទៅរកយកមកវិញទេ ហើយខ្ញុំនឹងចាក់សោទ្វារផ្ទះរបស់ខ្ញុំឱ្យប្រយ័ត្នលើកនេះមិនឲ្យមានមនុស្សប្រភេទនេះមកសំងំនៅបានទៀតឡើយ… សុំបញ្ជាក់ថាគាត់បង្ហោះនេះក៏ដោយសារតែការដោះដូរមិនឲ្យខ្ញុំបញ្ចេញនៅភស្តុតាងដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះកុំទាន់សប្បាយអរអី ត្រូវចាំថាបើខ្ញុំមិនមានភស្តុតាងគ្មានថ្ងៃគេទទួលកំហុសនេះទេ ។
គួរបញ្ជាក់ដែរថា ចំណងស្នេហារវាងតារាចម្រៀង ហេង ពិទូ និងអតីតហ្វ្រេសស៊ីហ្គើល អ្នកនាង ហ្វីយ៉ាតា បានកើតមានឡើងជាច្រើនខែកន្លងមកហើយគឺចាប់តាំងពីអ្នកទាំងពីរបានលេចមុខរួមគ្នាក្នុងស្នាដៃសិល្បៈមួយចំនួនរួមគ្នា និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។គេនៅបន្តរង់ចាំតាមដានទៀតថា រឿងនេះនឹងបន្តទៅជាយ៉ាងណានោះ៕
ដោយ ៖ វឌ្ឍនា