ព័ត៌មានអន្តរជាតិ៖ កម្លាំងទាហានការពារជាតិអុីស្រាអែល IDFបានប្រកាសពីគម្រោងជាច្រើនក្នុងការវាយប្រហារអុីរ៉ង់ ប៉ុន្តែមិនអាចព្យាករពីលទ្ធផលនៃការវាយប្រហារនោះឡើយ។
កម្លាំងអុីស្រាអែលបានលើកឡើងពីយុទ្ធសាស្ត្រវាយប្រហារទៅលើគោលដៅជាច្រើនក្នុងប្រទេសអុីរ៉ង់ ប៉ុន្តែយោធាបានព្រមានទៅកាន់រដ្ឋាភិបាលអុីស្រាអែលវិញពីលទ្ធផលរាល់សកម្មភាពវាយប្រហារ ក៏ដូចជាការជះឥទ្ធិពលទៅលើកម្មវិធីបរមាណូអុីរ៉ង់ ក៏ពិបាកក្នុងការសន្និដ្ឋាន។ កម្លាំងទាហាន IDF បានស្នើឱ្យបញ្ជូនប្រាក់ ២,៩ពាន់លានដុល្លារសម្រាប់គម្រោងវាយប្រហារខាងលើ ។
ដើម្បីអនុវត្តគម្រោងការខាងលើ កម្លាំងទាហាន IDF បានខិតខំទិញអាវុធទំនើបៗជាច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។ មិនតែប៉ុណ្ណោះកម្លាំងទាហានអុីស្រាអែលបានហ្វឹកហាត់ ធ្វើសមយុទ្ធ រវាងកម្លាំងទាហានអាកាសនឹងកម្លាំងកាំជ្រួចមីស៊ីល ដើម្បីវាយប្រហារទីតាំងសំខាន់ៗរបស់អុីរ៉ង់។
តាមប្រភពព័ត៌មានដែលសារព័ត៌មាន Haaretz បានផ្សព្វផ្សាយ មន្ត្រីការពារជាតិអុីស្រាអែល បានលើកឡើងថា កម្លាំងទាហាន IDF បានត្រៀមលក្ខណៈរួចរាល់ អាចនឹងវាយប្រហារបានគ្រប់វិនាទីឱ្យតែគម្រោងវាយប្រហារ ត្រូវបានអនុម័តនោះ។
ប៉ុន្តែគម្រោងខាងលើ អាចនឹងបង្កឱ្យមានលទ្ធផលអាក្រក់ ដោយសារតែអុីស្រាអែល អាចនឹងត្រូវធ្វើសង្គ្រាមក្នុងពេលតែមួយជាមួយក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ឬក្រុមហាម៉ាស់នៅក្នុងតំបន់កាហ្សា។
តាមការលើកឡើងរបស់ IDF អុីរ៉ង់បានដាក់ពង្រាយកាំជ្រួចមីស៊ីល និងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនទៅកាន់តំបន់ជាច្រើននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះអុីរ៉ង់បានអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយអាចវាយប្រហារគ្រប់ទីកន្លែងក្នុងទឹកដីអុីស្រាអែល៕ ដោយ៖ធីរីណា
រូបថត៖Reuters