ព័ត៌មានទាន់ហេតុការណ៍៖

ចាក់ប្លន់យកម៉ូតូបានហើយជនសង្ស័យជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចឡើយ

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមកធ្វើសកម្មភាពយកវត្ថុរឹងចុងស្រួចមកចាក់លើខ្លួន រួចប្លន់យកម៉ូតូទៅបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤៦នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នៅចំណុចភូមិចំណោម  ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ត្តតាកែវ ។

   សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកវត្ថុរឹងចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះនៅ សារ៉ូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពុងស្ពឺបានរងរបួសក្រោមដោះខាងឆ្វេងបណ្ដាលមានរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

  ចំណែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចក៏ជិះម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M -1806 បានគេចខ្លួនបាត់។

  ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្ដឹង និងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាដើម្បីធ្វើការឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ ស សម


ចែករំលែក៖