ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក FUSO បើកមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តម៉ាក FUSO ដឹកអុសដើមស្វាយចន្ទ្រី ចំណុះ២៥តោន បើកមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២១ នៅចំណុចភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះកែវ សាម៉េត អាយុ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តដឹកអុសដើមស្វាយចន្ទ្រី ចំណុះ២៥តោន ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៤៦០៩។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក FUSO ដឹកអុសដើមស្វាយចន្ទ្រី ចំណុះ២៥តោនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៤៦០៩ដោយធ្វើដំណើរចន្លោះគីឡូម៉ែត្រលេខ៤០និង៤១ក្នុងទិសដៅពីជើងមកត្បូងមិនប្រកាន់ស្ដាំស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ស  ពាក់ស្លាកលេខព្រៃវែង១B០៣៦៥ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក ៕

ដោយ៖យឹម សុថាន


ចែករំលែក៖