ខេត្តកំពង់ស្ពឺ ៖ គណៈបញ្ជាការឯកភាព ស្រុកបសេដ្ឋ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងរោងម៉ាស៊ីន អារឈើ អត់ច្បាប់មួយកន្លែង រឹបអូសឈើមូល៣០ដុំ។
ការបង្រ្កាបទីតាំងអារឈើខុសច្បាប់មួយកន្លែងនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្រ្តីរដ្ឋបាលស្រុកបសេដ្ឋបានឲ្យដឹងថា ប្រតិបត្តិការនេះគឺគណៈបញ្ជាឯកភាព ស្រុកបសេដ្ឋ បាន អនុវត្តតាមដីកាលេខ ១៤៧៤៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យឆែកឆេរុករកវត្ថុតាងនៅក្នុងដីឡូរបស់ឈ្មោះ ឃុយ សុភាស់ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ច បានរកឃើញឈើមូល ចំនួន ៣០ ដុំ ស្មើនឹង ៦.៥៦២ ម៉ែត្រគូប។
ជាមួយនេះសមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន: ម៉ាស៊ីនអាឈើ មួយគ្រឿង (គ្មានកង់យោង គ្មានរណារ ) រទេះកង់រថយន្ត មួយគ្រឿង ឈើមូល ប្រភេទលេខ២ ឈើទាល ចំនួន ៣០ ដុំ។រីឯជនពាក់ព័ន្ធបានរត់គេចខ្លួនបាត់ មុនក្រុមការងារចុះទៅដល់។ ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចចម្រុះបានដឹកយកទៅរក្សាទុកនៅសាលាស្រុក បសេដ្ឋដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ ប្រាថ្នា