ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី០១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញល្បាតចល័ត និងចុះរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅសំខាន់ៗ និងរមណីយដ្ឋាននានា ជាពិសេសតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានេះកងម្លាំងរបស់យើង ក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារកត្តាអាកាសធាតុ មានខ្យល់ខ្លាំងឬ រលកសមុទ្រធំៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេៗកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត ៕
ដោយ៖សហការី